ខេត្តសៀមរាប,នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា, រដ្ឋបាលខេត្ត បន្តដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ ចំពោះការធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ !
បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបើកចរាចរចេញចូលខេត្តឡើងវិញ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់ខេត្តសៀមរាប និងខេត្តជាប់ប្រទល់ថៃ ចាប់ពីវេលាម៉ោង ២៣៖៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនៅបន្តអនុវត្តការត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ ចំពោះការធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ប៉ុន្តែ អ្នកធ្វើដំណើរទាំងអស់ក្នុងភូមិសាស្ត្រខេត្តសៀមរាប មិនត្រូវធ្វើដំណើរក្នុងម៉ោងបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ ពីថ្ងៃទី១២ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លើកលែងតែករណីមួយចំនួនដូចជាការដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ ជាដើម។
ដើម្បីបង្ករភាពងាយស្រួលដល់អ្នកធ្វើដំណើរ រដ្ឋបាលខេត្ត បានរៀបចំឱ្យចុះឈ្មោះមុនពេលធ្វើដំណើរមកដល់គោលដៅត្រួតពិនិត្យ តាមរយៈ srprovince.com/login ៕
ដោយ, សិលា