តាមពិតកូរ៉េខាងត្បូង និងអាមេរិក មិនខ្លាចកូរ៉េខាងជើងគំរាមកំហែងនោះ គឺខ្លាចប្រទេសចិនទៅវិញទេដែលមាន អាវុធទំនើបៗ យោធាខ្លាំងក្លាអាចគំរាម កំហែងដល់មហាអំណាចអាមេរិកបាន។ ប៉ុន្ដែអាមេរិកមិនមានហេតុផលណាមួយ បញ្ជូនអាវុធទៅកាន់ប្រទេសជិតខាងជាប់ ចិនបានឡើយ ។
សំដីឌឺដងរបស់ទីក្រុងព្យុងយ៉ាងបង្កឱ្យមានស្ថានភាពតានតឹងជាហេតុផលឱ្យ អាមេរិកបង្កើនកម្លាំងនៅឧបទ្វីបកូរ៉េ សំដៅទៅលើកូរ៉េខាងជើង និងចិន ។
សារព័ត៌មានVZរបស់រុស្ស៊ីបានផ្សាយ ថា ឧបទ្វីបកូរ៉េកំពុងតែក្លាយជាតំបន់ ដែលមានគ្រោះថ្នាក់បំផុតនៅលើពិភព លោក និងជាទីកន្លែងអាចចាប់ផ្ដើម សង្គ្រាមជាទ្រង់ទ្រាយធំដោយមានលទ្ធ ផលអាក្រក់លើសពីការស្មាន ។
សង្គ្រាមឧបទ្វីបកូរ៉េកាលពី៦២ឆ្នាំ មុនបញ្ចប់ទៅដោយកិច្ចព្រមព្រៀងឈប់ បាញ់។ ជាច្រើនទសវត្សរ៍កន្លងមកកូរ៉េ ខាងជើងក្លាយជាតំបន់មួយ “ក្ដៅ” ទីពីរ នៅលើពិភពលោកបន្ទាប់ពីតំបន់មជ្ឈិមបូព៌ា។ ភាពតានតឹងដោយសារតែកូរ៉េ ខាងត្បូងនិងអាមេរិកមានបំណងចង់បង្រួប បង្រួមកូរ៉េទាំងពីរឱ្យទៅជាប្រទេសមួយដូចដើមវិញ។ កូរ៉េខាងត្បូងក៏បានត្រៀម ប្រាក់ជាច្រើនរួចជាស្រេចសម្រាប់អភិវឌ្ឍ ប្រទេសក្រោយពេលច្របាច់ចូលតែមួយនោះ ។
ទាំងនោះហើយបានជាធ្វើឱ្យទីក្រុងព្យុង យ៉ាងចោទប្រកាន់ទៅលើកូរ៉េខាងត្បូង និងកម្លាំងទាហានអាមេរិកដែលឈរជើង នៅក្នុងប្រទេសនេះថា មានបំណងចង់ បំផ្លាញកូរ៉េខាងជើង។ ដូច្នេះហើយបាន ជាធ្វើឱ្យកូរ៉េខាងជើងតែងតែគំរាម កំហែងកូរ៉េខាងត្បូងនិងអាមេរិកដើម្បីឱ្យបោះបង់ការប៉ុនប៉ងឈ្លានពានកូរ៉េខាង ជើង ។
ប៉ុន្ដែតាមសារព័ត៌មានរុស្ស៊ីបានឱ្យដឹង ថា សកម្មភាពគំរាមកំហែងរបស់កូរ៉េ ខាងជើងមិនបាននាំនូវផលប្រយោជន៍ ណាមួយដល់ប្រទេសនេះឡើយ ផ្ទុយទៅ វិញបាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់អាមេរិកទៅវិញ។ ការបង្កើន សម្ដីឌឺដងរបស់ទីក្រុងព្យុងយ៉ាងកន្លងមកពិសេសក្រោយពេលលោក គីម ជុងអ៊ុន ឡើងកាន់តំណែង គឺជាលេសដើម្បីឱ្យ អាមេរិកបន្ថែមកម្លាំងជាងពាក់កណ្ដាលនៅឧបទ្វីបកូរ៉េ។ ប៉ុន្ដែការបញ្ជូនកម្លាំង ទាហានមកទីនេះរបស់អាមេរិកមិនសំដៅ ទៅលើកូរ៉េខាងជើងនោះឡើយ តែបែរ ជាតម្រង់គោលដៅទៅលើប្រទេសចិន ទៅវិញ។ ចំណុចទាំងនោះហើយបានធ្វើ ឱ្យទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងសោះកក្រោះនឹងគ្នាក្រោយពេលទីក្រុងប៉េកាំងស្នើដល់កូរ៉េខាងជើងបញ្ឈប់ការឌឺដង អាចធ្វើឱ្យអាមេរិកចូលកាន់តែកៀក ថែមទៀត ។
ចំពោះទីក្រុងវ៉ាស៊ីនតោនកូរ៉េខាងត្បូង ជាទីលានដ៏ល្អឥតខ្ចោះសម្រាប់អាមេរិកដោយមានភូមិសាស្ដ្រនៅជិតព្រំដែន ប្រទេសចិន។ អាមេរិកនៅតែរក្សាវត្ដ មានកម្លាំងយោធានៅកូរ៉េខាងត្បូង និង ជប៉ុន ព្រមទាំងកោះហាវ៉ៃ ដោយសារ តែការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើងក៏ដូចជាការបន្ដកម្មវិធីផលិត គ្រាប់បែកបរមាណូ ។
តាមសារព័ត៌មានរុស្ស៊ីបានបញ្ជាក់ថា ដើម្បីបានបញ្ជូនកម្លាំងទាហានមកកូរ៉េ ខាងត្បូងដោយគ្មានអ្នកណាជំទាស់នោះ អាមេរិកបានធ្វើសមយុទ្ធជាប្រចាំទ្វេភាគី រវាងកម្លាំងទាហានអាមេរិកនឹងកូរ៉េខាង ត្បូង។ រាល់ពេលធ្វើសមយុទ្ធម្ដងៗកូរ៉េ ខាងជើងមិនអាចនៅស្ងៀមបានឡើយគឺ តែងតែគំរាមកំហែងទៅអាមេរិកវិញ ដោយគ្រាប់បែកបរមាណូ ។
អ្នកឯកទេសយោធាជឿជាក់ថា កម្លាំង យោធាទីក្រុងព្យុងយ៉ាងមិនអាចយកឈ្នះនៅក្នុងសង្គ្រាមនោះឡើយប្រសិនបើផ្ទុះ ឡើង ដោយសារតែកូរ៉េខាងជើងគ្មាន សម្ពន្ធមិត្ដយោធាជាមួយប្រទេសណា ក្រៅពីចិននោះ។ កូរ៉េខាងជើងនៅពេល នេះទំនាក់ទំនងជាមួយចិនមិនសូវល្អទេ ក្រោយពីលោក គីម ជុងអ៊ុន ឡើងកាន់ តំណែងជាមេដឹកនាំមក។ លោក គីម ជុងអ៊ុន បានប្រើគ្រប់វិធីសាស្ដ្រដើម្បី ចាកចេញពីឥទ្ធិពលរបស់ចិន ។
គោលដៅរបស់អាមេរិកបានធ្វើឱ្យ ចិនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការ ប្រឈមមុខតានតឹងរវាងកូរ៉េទាំង២។ ចិនបានបញ្ជូនរថក្រោះរថពាសដែករាប់សិបគ្រឿងមានទាំងកាំជ្រួចមីស៊ីលទៅ កាន់ព្រំដែនកូរ៉េខាងជើងមានចម្ងាយ ប្រមាណ៣០គីឡូម៉ែត្រត្រៀមទប់ទល់ និង ជួយធ្វើអន្ដរាគមន៍ពេលកូរ៉េខាងជើងចាញ់ នោះ។ បើទោះបីមិនសូវចុះសម្រុងគ្នា ជាមួយមេដឹកនាំ គីម ជុងអ៊ុន តែចិន មិនអនុញ្ញាតឱ្យអាមេរិក និងកូរ៉េខាងត្បូង យកឈ្នះឡើយ ព្រោះធ្វើឱ្យចិនកាន់តែ មានគ្រោះថ្នាក់។ បើកូរ៉េខាងត្បូង និង អាមេរិកយកឈ្នះនោះមានន័យថាយកឈ្នះទាំងចិនទៅទៀត ។
ចិនធ្លាប់បានប្ដេជ្ញាថានឹងការពារសន្ដិ សុខស្ថិរភាពនៅក្នុងតំបន់ ហើយប្រឆាំង រាល់សកម្មភាពដែលធ្វើឱ្យមានភាពតាន តឹងកាន់តែខ្លាំងឡើង។ ចិនបានអំពាវ នាវឱ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ បញ្ចប់សកម្មភាពដែលអាចធ្វើឱ្យមាន រឿងអាក្រក់ជាងនេះកើតឡើង ។
ចំពោះកូរ៉េខាងជើងវិញសារព័ត៌មានKCNA បានផ្សាយថា កូរ៉េខាងជើងបាន អត់ធ្មត់ជាច្រើនទសវត្សរ៍កន្លងមកហើយ ពេលនេះអ្នកណានិយាយពីការអត់ធ្មត់ មិនអាចជួយអ្វីក្នុងការគ្រប់គ្រងស្ថានករណី បានឡើយ ។
ចិនព្រួយបារម្ភជាងពលរដ្ឋដែលរស់ នៅតាមព្រំដែនប្រទេសទាំងពីរទៅទៀតពីសង្គ្រាមផ្ទុះឡើងហើយចិនពេលនេះក៏មិនមានទឹកមាត់ប្រៃដើម្បីនិយាយទៅ កូរ៉េខាងជើងឱ្យស្ដាប់ដូចកាលពីមុនទេ។ ចិនខ្លាចថា មេដឹកនាំ គីម ជុងអ៊ុន ធ្វើអ្វី តាមតែអំពើចិត្ដខាតបង់ផលប្រយោជន៍និងគោលនយោបាយរបស់ចិនតែប៉ុណ្ណោះ។ ទាំងនោះហើយបានធ្វើឱ្យចិនចាំបាច់ត្រូវតែបង្កើនការការពារនៅតាមបណ្ដោយ ព្រំដែនជាប់កូរ៉េខាងជើង ។
ចំពោះកិច្ចពិភាក្សាបញ្ចប់ភាពតានតឹងដែលធ្វើឡើងជាបន្ដបន្ទាប់នោះនៅមិនទាន់ដឹងពីលទ្ធផលបែបណានៅឡើយកាលពីរសៀលថ្ងៃទី២៣ ខែសីហា ខណៈ កិច្ចពិភាក្សានៅតែបន្ដហើយកូរ៉េខាង ជើងបានស្នើសុំកុំផ្ដល់ព័ត៌មានពីលទ្ធផលនៃកិច្ចពិភាក្សានោះ។ ដោយសារតែមិន ទាន់បានលទ្ធផលនោះ ហើយទើបកម្លាំង ទាហានប្រទេសទាំងពីរស្ថិតក្នុងការប្រុង ប្រយ័ត្នខ្ពស់ដដែលខ្លាចកិច្ចពិភាក្សាគ្នា គ្មានលទ្ធផលវិជ្ជមាន ហើយសង្គ្រាម នឹងផ្ទុះឡើងគ្រប់ពេលវេលា។ ពលរដ្ឋរស់ នៅតាមបណ្ដោយព្រំដែនដែលបានភៀស ខ្លួនចេញក៏កំពុងរង់ចាំមើលលទ្ធផល ដើម្បីវិលត្រឡប់ទៅផ្ទះវិញ ។
អ្នកឯកទេសវិភាគបានអះអាងថា បើគ្មានសន្ធិសញ្ញាសន្ដិភាពទេនោះឧបទ្វីប កូរ៉េនឹងមិនបានសុខជារៀងរហូត។ រយៈ ពេល៦២ឆ្នាំមកហើយ កូរ៉េទាំងពីរបាន ប្រឈមមុខតានតឹងរាប់មិនអស់ស្ទើរតែផ្ទុះ សង្គ្រាមនឹងគ្នាប៉ុន្មានលើកមកហើយ។ ការដែលមិនព្រមចុះសន្ធិសញ្ញាសន្ដិភាព ទើបធ្វើឱ្យកូរ៉េខាងជើងត្រៀមលក្ខណៈការ ពារជានិច្ចហើយមិនចង់ឱ្យមានផ្ទុះសង្គ្រាម ជាទ្រង់ទ្រាយធំកើតឡើងឡើយអាចធ្វើឱ្យ កូរ៉េខាងត្បូងសម្រេចគោលដៅបង្រួប បង្រួមទឹកដី ៕ ម៉ែវ សាធី