កាកបាទក្រហមកម្ពុជា​ បានប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន​ ៤៤គ្រួសារ​ រស់នៅឃុំ​ផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់ !

ចែករំលែក៖

ខេត្តពោធិ៍សាត់, កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និងមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​​ បានប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន​ ៤៤គ្រួសារ​ រស់នៅឃុំ​ផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។

នៅថ្ងៃសៅរ៍​ ទី​ ១៤​ ខែសីហា​ ឆ្នាំ២០២១នេះ​ លលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងលោក ខូយ​ រីដា​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ​ និងប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ​ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ​ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន​ ៤៤គ្រួសារ​ (គ្រួសារនីមួយៗទទួលបាន​ថវិកា ២៥០ដុល្លារអាមេរិក​)​ រស់នៅភូមិចំនួន៨​ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកស្រី​ អគ្គលេខាធិការរងទី១​ បានពាំនាំប្រសាសន៍​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងការលេីកទឹកចិត្តដល់​ប្រជាពលរដ្ឋទាំងអស់​ឱ្យបន្ត​ខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀត​ ពង្រីកមុខរបរ​ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសេីរឡេីង។ ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់ចូលរួមទប់ស្កាត់​ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩​ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា​របស់រាជរដ្ឋាភិបាល អនុវត្ត​ ៣ការពារ​ ៣កុំ​ ២ចូលរួម​ និងការធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។​ ទន្ទឹមនឹងនេះ​ សូមបងប្អូនរស់នៅមានអនាម័យ​ បរិភោគទឹកឆ្អិន​ ជៀសផុតពីជំងឺឆ្លងនានា។

គ្រួសារទទួលផលទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហមកម្ពុជា​​ ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ដេីម្បីជាដេីមទុនក្នុងការពង្រីកមុខរបរ។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗបានទទួលអំណោយបន្ថែមរួមមាន​ ៖​ ម៉ាស់​,​ អាល់កុល​,​ សាប៊ូដុំ​ និងឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ ១កញ្ចប់​ផងដែរ។

សូមបញ្ជាក់ថា​ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ខាងលេីនេះ​ គឺជាជំនួយថវិការបស់សប្បុរសជនកូរ៉េ​ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ​ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី សម្រាប់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន​ ៨៩គ្រួសារ​ រស់នៅស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់​ ហេីយដែលបានប្រគល់ជំហានទី១​ ចំនួន​ ៤៤គ្រួសារ​ នៅឃុំផ្ទះរុង នាថ្ងៃទី​ ១៤​ ខែសីហា​ ឆ្នាំ២០២១នេះ​ និងគ្រោងប្រគល់ជំហានទី២​ ចំនួន​ ៤៥គ្រួសារទៀត​ នៅឃុំតាលោ​ នាខែតុលា​ ឆ្នាំ២០២១ខាងមុខនេះ។

សូ​មជម្រាបជូនថា​ សម្រាប់ខេត្តពោធិ៍សាត់​ ចាប់តាំងពីឆ្នាំ២០០៥​ ដល់បច្ចុប្បន្ននេះ កាក​បាទក្រហមកម្ពុជា​ បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន​ ២.១១៥គ្រួសារ​ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែល​ប្រាក់កម្ចីនេះ​ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់​ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ និងធ្វេីឱ្យជីវភាពរស់នៅកាន់តែល្អប្រសេីរ​ឡេីង​ តាមរយៈការប្រកបរបរដាំដំណាំ​ ចិញ្ចឹមសត្វ​ លក់គ្រឿងទេស​ កាត់ដេរ​ អ៊ុតសក់​ ជួសជុលកង់ម៉ូតូ។ល។ ដោយឡែកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីតយុទ្ធជននៅឆ្នាំ២០១៩​ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន ២១គ្រួសារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print