អន្តរជាតិ៖ ប្រទេសថៃ គេសង្កេតឃើញថាមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញខ្ពស់រហូតជាង ២ម៉ឺននាក់ឯណ្ណោះ។ ចំណែកឯអ្នកជំងឺកូវីដវិញ ក៏ត្រូវបានរាយការណ៍ថា ស្លាប់រហូតដល់ជាង ២រយនាក់ផងដែរក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ ដែលករណីនេះគឺប្រទេសមួយនេះមិនធ្លាប់មានពីមុនមក។
ជាក់ស្ដែងបើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះថា គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២២,០៨៦ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ២១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។
ក្រសួងសុខាភិបាលថៃ ក៏បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២១,៨១៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧០ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ២៣,៦៧២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19វិញ ប្រទេសថៃ សម្រេចបាន ២២.៣លានដូស ក្នុងនោះប្រជាជន ៤.៨៣លាននាក់ (៦.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៨៥,២៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៣៤៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៦៧,៥៥៦នាក់៕ដោយ៖ស តារា