ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​វាយប្រហារ​ខេត្តភាគខាងលិចប្រទេសជប៉ុន​ បណ្ដាល​ឱ្យ​មនុស្សស្លាប់ និងបាត់ខ្លួនក្រោយគ្រោះរអិលបាក់ដី

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​បានវាយប្រហារ​ខេត្តណាហ្គាសាគី (Nagasaki) ភាគខាងលិចប្រទេសជប៉ុន​ បង្កជាគ្រោះរអិលបាក់ដី ដែលសង្កត់លើលំនៅឋាន២ខ្នង បណ្ដាល​ឱ្យស្រ្តីម្នាក់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតបាត់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍នេះដែរ។ មិនតែប៉ុណ្ណោះ​ នៅតាមផ្នែកជាច្រើននៃប្រទេសមួយនេះ ទទួលរងទឹកភ្លៀងក្នុងកម្រិតខ្ពស់ខ្លាំង។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ ភ្លាម​ៗ​ រដ្ឋាភិបាល​​ជប៉ុន​ បានសម្រេចពង្រីកនូវការប្រកាសអាសន្នកម្រិតខ្ពស់របស់ខ្លួន ឱ្យ​គ្របដណ្តប់លើមនុស្សជាង១លាននាក់។ នៅតំបន់មួយនោះ បានកត់ត្រាទឹកភ្លៀងកម្រិត៤០៩មីលីម៉ែត្រ ក្នុងរយៈពេល៧២ម៉ោង គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះផងដែរ។

ដោយឡែក​យោង​តាមរយៈ​ឃ្លីបវីដេអូមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយនៅជប៉ុន បានបង្ហាញថា៖ ទឹកទន្លេបានជន់លិចនៅតំបន់ខ្លះ នៃខេត្តហីរ៉ូស៉ីម៉ា (Hiroshima) និងឡើងខ្ពស់ខ្លាំង នៅតំបន់ផ្សេងទៀតនៃភាគខាងលិចប្រទេសជប៉ុន។

សូម​ជម្រាប​ថា ឥឡូវការធ្លាក់ភ្លៀងខ្លាំង បានចល័តទៅតំបន់កណ្តាលនៃកោះធំ ហុនស៊ូ (Honshu) របស់ជប៉ុន ខណៈទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា ភ្លៀងទំនងជានឹងនៅតែបន្តធ្លាក់ខ្លាំងលើប្រទេសនេះ សម្រាប់រយៈពេលប្រហែល១សប្តាហ៍។

គួរបញ្ជាក់ថា​ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា៖ ប្រជាជនជប៉ុនរាប់ម៉ឺននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព​ ខណៈ​ដែល​ភ្លៀងធ្លាក់យ៉ាងគំហុកបាននិងកំពុងវាយប្រហារ ខេត្តស្ថិតនៅភាគខាងលិចប្រទេស បានក្លាយ​ជាគ្រោះទឹកជំនន់ និងបង្កឱ្យមានការបាក់ដីបន្ថែមទៀត៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print