ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ សមាគមអតីតយុទ្ធជនកម្ពុជា បានប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញទិសដៅត្រីមាសទី២ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកនាយឧត្តម សេនីយ៍ បណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងដោយមានការចូលរួមពីអស់ជាលោកគណៈអភិបាល ខេត្តទាំង៧ក្នុងយោធភូមិភាគទី៤ និងទី៥ អស់លោកជាអគ្គលេខាធិការរង សមាជិកអចិន្ត្រៃយ៏ថ្នាក់កណ្តាល ព្រមទាំងអស់លោក លោកស្រី ជាប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ថ្នាក់រាជធានី ខេត្តទាំង២៥ សរុប១៧១នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំ បន្ទាប់ពីបទអន្តរគមន៏របស់បណ្តាប្រធានសមាគមខេត្ត ដែលមានស្នាដៃល្អលោកនាយឧត្តម សេនីយ៏ បណ្ឌិត គន់ គីម បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៦នេះ បានជម្រុញសកម្មភាពសមាគម មានដំណើរការវិវត្តន៏គួរឲ្យកត់សម្គាល់។
លោកនាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម បានធ្វើការដោះស្រាយនូវបញ្ហាប្រឈម ការលំបាកមួយចំនួន ដែលជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ ពិសេសអនុសាសន៏ទាំង១៤ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានថ្លែងក្នុងឱកាសបិទមហាសន្និបាតសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ កាលពីថ្ងៃទី២កញ្ញា ឆ្នាំ២០១៥ឲ្យទទួលបានជោគជ័យ ៕