ភ្នំពេញ៖ បើយោងតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា(ACU) នៅយប់ថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ២០២១នេះ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ក្នុងរយៈពេលពីរថ្ងៃ អង្គភាពបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្រ្តីACU ទៅទារលុយពីជនរងគ្រោះ។
អ្នកនាំពាក្យអង្គភាពACU បានបញ្ជាក់បន្ថែមថា កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ នៅកន្លែងនោះថាមានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយ គឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលានិងមុខសញ្ញាមួយចំនួនទៀត។
ប្រភពដដែល បន្តថា បន្ទាប់ពីអង្គភាព អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័សរហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់ លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ យើងមានការហួសចិត្តដែលជានាយកសាលាមួយរូបតាំងពីឆ្នាំ២០១៥មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់។
គួរបញ្ជាក់ថា មុននឹងបញ្ជូនទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង២ ករណីនេះសងលុយមកដល់អ្នករងគ្រោះបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕ដោយ៖សហការី
ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីទាំង២ ខាងលើ និងរូបថតជនសង្ស័យ៖