ខេត្តត្បូងឃ្មុំ ៖ ឃ្លាំងស្តុកជ័រកៅស៊ូស្អុយ គ្រប់គ្រងដោយឈ្មោះ ហ្វឿង ជាថៅកែជនជាតិវៀតណាម ដែលមានចំងាយពីរង្វង់មូលចូលប្រធាតុ ប្រមាណជាង៩០០ម៉ែត្រ តាមថ្នល់ជាតិលេខ៧ ស្ថស្ថិតនៅចំណុចភូមិទួលជ័យ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រជាពលរដ្ឋដែលរងផលប៉ះពាល់សុខភាពចំនួន៤ភូមិដូចជា ៖ ភភូមិទួលជ័យ ភូមិពោធិ៍ ភូមប្រធាតុ និងភូមិ អណ្តោត កេីតទុក្ខមិនសុខចិត្តរាយការណ៍មកថា ម្ចាស់ឃ្លាំងនេះបានចាក់បង្ហូរទឹកសម្អុយជ័រនៃកៅស៊ូលេីប្រឡាយអែបផ្លូវសាធារណៈ ។
ប្រជាពលរដ្ឋលេីកឡេីងបន្តថា នៅចំណុចទីតាំងខាងលេីនេះ បញ្ហាបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ដោយសារលែងទ្រាំបាននឹងក្លិនស្អុយនេះតទៅទៀត ពិសេសជាងនេះគឺបារម្ភពីសុខភាពដែលងាយប្រឈមជួបគ្រោះថ្នាក់ទៅថ្ងៃមុខ ។
ជុំវិញនឹងការលើកឡើងពិទុក្ខព្រួយរបស់ពលរដ្ឋខាងលេីនេះ តាមរយៈតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃអាទិត្យ១៥សីហា លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ លោកបានឆ្លើយប្រាប់អ្នកយកព័ត៌មានដូច្នេះថា «ខាងស្រុកបង្កើតក្រុមការងារចុះដោះស្រាយម្តងហើយ។ ពេលចូលធ្វើការវិញ ខ្ញុំនឹងអោយមន្ត្រី ចុះពិនិត្យ» ។
ចំណែកលោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានប្រាប់អ្នកយកព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅរសៀលថ្ងៃអាទិត្យ១៥សីហានេះដែរថា «ខ្ញុំបានចាត់មន្ត្រីចុះពិនិត្យ និងណែនាំអោយម្ចាស់អាជីវកម្មអនុវត្តកិច្ចការនេះហេីយ » ។ លោកសុភាលីន ថែមទាំងថ្លែងអរគុណដល់អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់ព័ត៌មានជូនលោកថែមទៀតផង ។
ដោយឡែកម្ចាស់ដេប៉ូឃ្លាំងស្តុកជ័រស្អុយ ខខាងលើអ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំធ្វើការអធិប្បាយពន្យល់បានទេដោយពុំមានលេខទូរស័ព្ទ ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំអោយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះមកពិនិត្យការបង្ហូរទឹកស្អុយលេីដីសាធារណ:បន្ថែមទៀត និងសូមឲ្យមានដំណោះស្រាយដ៏សមស្របជូនប្រជាពលរដ្ឋ ឬ អនុវត្តផ្លូវច្បាប់លើម្ចាស់ឃ្លាំងនេះផង៕
ដោយ ៖ វណ្ណ: