អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៨៨២ករណីបន្ថែមទៀត អ្នកជំងឺចំនួន ២០៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
បើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២១,៦៣៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៤៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ២១,១០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ដោយឡែកបេីតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ថៃ លោក តាវីស៊ីល វីសានុយ៉ូធីន បាននិយាយយោងតាមការវាយតំលៃរបស់ក្រសួងសុខាភិបាលដែលបង្ហាញថា៖ ការឆ្លងប្រចាំថ្ងៃនៅចុងខែសីហា និងដើមខែកញ្ញាអាចមានពី៦០.០០០-៧០.០០០នាក់ ក្រោយពីវិធានការបិទខ្ទប់បច្ចុប្បន្នចប់ទៅ។
គួរជម្រាបថា សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ សម្រេចបាន ២២.៣លានដូស ក្នុងនោះប្រជាជន ៤.៨៣លាននាក់ (៦.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩០៧,១៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៥៥១នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៨៨,៨៨១នាក់៕ដោយ៖ស តារា