ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការវិលត្រឡប់របស់បងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលព្យាបាលកម្រិតស្រាល និងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំងអស់កុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំ និង៣ការពារ បើទោះបីជាយើងបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតែបន្តឆ្លងដល់យើងគ្រប់ពេលវេលា ប្រសិនបើយើងធ្វេសប្រហែស និងមើលងាយស្ថានការណ៍នោះ។
គួរជម្រាបថា គិតត្រឹមម៉ោង១៧ និង៣០នាទីថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥.៥៧៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៦៣១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩៤១ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២.២២៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៣៣៦ នាក់ និងស្លាប់ចំនួន ០៩នាក់៕ ដោយ៖សហការី