ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងម្នាក់ បានធ្វើសកម្មភាពបាញ់១គ្រាប់ទៅលើលោក អ៊ុន សំអាត ដែលជានាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍វត្តភ្នំចំស្មាខាងឆ្វេងរងរបួសធ្ងន់ ខណៈដែលលោកចុះទៅមើលជនដៃដល់ដែលកំពុងតែឈ្លោះគ្នា ហើយកម្លាំងល្បាតឃើញហេតុការណ៍នោះ បានបាញ់ទៅលើជនដៃដល់វិញចំនួន២គ្រាប់(ចំគូថ០១គ្រាប់និងស្មាខាងឆ្វេង០១គ្រាប់)ហេីយសមត្ថកិច្ចដកហូតបានអាវុធខ្លី០១ដេីមម៉ាករ៉ូឡូផងដែរ ។
ករណីផ្ទុះអាវុធបណ្ដាលឲ្យមានអ្នករងរបួសខាងលើនេះ បានកើតឡើងនៅវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦ នៅចំណុចផ្លូវ១០៨កែង១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សិន សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការក្រុង ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុន សំអាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមេប៉ុស្តវត្តភ្នំ ត្រូវជនសង្ស័យខាងលេីបាញ់ត្រូវ០១គ្រាប់ចំស្មាខាងឆ្វេងរងរបួសធ្ងន់ ។
ប្រភពដដែរបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនសង្ស័យកំពុងឈ្លោះគ្នាជាមួយជនម្នាក់ទៀតនៅមុខផ្ទះរបស់ខ្លួន ភ្លាមនោះ មេប៉ុស្ត៏វត្តភ្នំក៏បានចុះទៅឃាត់ ភ្លាមនោះក៏ត្រូវជនសង្ស័យបានធ្វើសកម្មភាពបាញ់ត្រូវ០១គ្រាប់ ទៅលើលោក អ៊ុន សំអាត បណ្ដាលឲ្យរងរបួសធ្ងន់ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតដែលកំពុងតែសហការជាមួយគណៈបញ្ជាការឯកភាពត្រួតពិនិត្យជាតិអាកុលខាងកេីតវត្តភ្នំ បានលឺតាមវិទ្យុទាក់ទងរបស់នគរបាល ថាមានករណីខាងលេីកេីតឡេីងក៏ចេញរួមគ្នាជាមួយមកដល់កន្លែងកេីតហេតុក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ទៀតមកលេីសមត្ថកិច្ច ហេីយជនសង្ស័យបានព្យាយាមរត់គេចខ្លួនមកដល់មុខហាងសេវេនប្រាយក្បែរស្ពាននាគ ក៏ត្រូវកម្លាំងសមត្ថកិច្ច បានប្រេីសិទ្ធការពារខ្លួនបាញ់តបតវិញបណ្តាលឲ្យត្រូវជនសង្ស័យចំនួន០២គ្រាប់(ចំគូថ០១គ្រាប់និងស្មាខាងឆ្វេង០១គ្រាប់) ហេីយកម្លាំងល្បាតយេីងបានដកហូតបានអាវុធខ្លី០១ដេីមម៉ាករ៉ូឡូ ហេីយបានប្រគល់ឲ្យខាងនគរបាលនៅកន្លែងកេីតហេតុនោះភ្លាមៗតែម្តង ក្រោយពីកើតហេតុទើបទទួលព័ត៌មានថាជនសង្ស័យក៏ជានគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ផងដែរ។
បច្ចប្បន្នជនសង្ស័យនិងជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហេីយនៅក្នុងហោប៉ាវខោរបស់ជនសង្ស័យខាងជានគរបាលនោះ សមត្ថកិច្ចបានឆែកឃេីញក្រាមសថ្លាចំនួន០២កញ្ចប់តូច សង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកក និងដែកកេះ០១៕
ដោយ៖ ស ដារ៉ា