ក្រសួងការពារជាតិអាល់ហ្សេរីបានប្រកាសកាលពីថ្ងៃទី១៩ ខែកក្កដាថា យ៉ាងហោចណាស់កម្លាំងទាហាន៩នាក់បានបាត់បង់ជីវិតដោយសារតែការលបវាយឆ្មក់របស់ក្រុមឧទ្ទាមអិស្លាមជ្រុលនិយមស្ថិតនៅភាគខាងលិចទីក្រុង Algier កាលពីសប្តាហ៍កន្លងមក ដែលនេះជាការវាយប្រហារសម្លាប់រង្គាលប្រចាំខែមកលើកងកម្លាំងរដ្ឋាភិបាល។ ក្រុមឧទ្ទាមអាល់កៃដា អិស្លាមជ្រុលនិយម Maghreb បានប្រកាសទទួលស្គាល់ការវាយប្រហារនៅក្នុងតំបន់ Ain Defla នោះ នេះបើតាមបណ្តាញព័ត៌មានសង្គមរបស់ក្រុមឧទ្ទាមចេញប្រកាសព័ត៌មាន។ ប្រភពពីកងកម្លាំងសន្តិសុខបានបញ្ជាក់ថា ទាហាន១១នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនោះ។ នៅថ្ងៃទី១៩ ខែកក្កដា ក្រសួងការពារជាតិបានបញ្ជាក់ជាផ្លូវការលើកដំបូងបំផុតអំពីការស្លាប់កម្លាំងទាហាននេះមាន៩នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបញ្ជាក់ថា ទាហាន៩នាក់បានបាត់បង់ជីវិត និង២នាក់រងរបួស។ ។ ចាប់តាំងពីជម្លោះនៅអាល់ហ្សេរីផ្ទុះឡើងជាមួយក្រុមប្រដាប់អាវុធអិស្លាមជ្រុលនិយមក្នុងទសវត្សរ៍១៩៩០ ដែលបណ្តាលឲ្យមនុស្សជាង២០០.០០០នាក់បាត់បង់ជីវិតនោះមក ប្រទេសនេះក្លាយជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកភាគខាងជើងដែលមានស្ថិរភាពជាងគេបំផុត និងជាសម្ពន្ធមិត្តយ៉ាងសំខាន់របស់លោកខាងលិចក្នុងយុទ្ធនាការប្រឆាំងក្រុមឧទ្ទាមអិស្លាមជ្រុលនិយមនៅក្នុងតំបន់។ ប៉ុន្តែទោះបីយ៉ាងណា ក្រុមសកម្មប្រយុទ្ធសម្ព័ន្ធមិត្តជាមួយក្រុមអាល់កៃដា ស្ថិតក្រោមការបញ្ជាផ្ទាល់ដោយមេទ័ពជើងចាស់ Abdelmalek Droukdel បានក្រោកឡើងវាយប្រហារប្រឆាំងរដ្ឋាភិបាល ហើយប្រកាសចុះចូលស្មោះត្រង់ជាមួយក្រុមរដ្ឋអិស្លាម ។ ក្រុមនេះនៅតែជាក្រុមដែលបង្កគ្រោះថ្នាក់នៅក្នុងប្រទេស ជាពិសេសនៅទីតាំងជើងភ្នំ តំបន់ដាច់ស្រយាល។ កងសន្តិសុខម្នាក់បាននិយាយថា ក្រុមរបស់លោក Droukdel ទំនងពាក់ព័ន្ធដោយផ្ទាល់ការវាយឆ្មក់បណ្តាលឲ្យស្លាប់ និងរងរបួសកម្លាំងទាហានរដ្ឋាភិបាលខាងលើនេះ ដែលជាសកម្មភាពមួយបង្ហាញឲ្យឃើញពីវត្តមានរបស់ក្រុមអាល់កៃដានៅក្នុងទឹកដីនេះ។ ខ្មាន់កាំភ្លើងដែលប្រកាសស្មោះត្រង់ជាមួយក្រុមរដ្ឋអិស្លាម ហើយដែលកំពុងគ្រប់គ្រងដែនដីភាគច្រើននៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់នោះបានធ្វើសកម្មភាពវាយប្រហារនិងដណ្តើមគ្រប់គ្រងទឹកដីជិតខាងប្រទេសលីប៊ី ស្របពេលមានការផ្ទុះអំពើហិង្សាដណ្តីមទីតាំងគ្របគ្រង់រៀងៗខ្លួនរវាងកងទ័ពរដ្ឋាភិបាល នឹងក្រុមប្រឆាំងក្នុងប្រទេសលីប៊ីនោះ។ ក្រុមរដ្ឋអិស្លាមបានទទួលស្គាល់ការវាយប្រហារភេរវកម្មពីរលើកប្រឆាំងទៅលើអ្នកទេសចរណ៍នៅក្នុងប្រទេសទុយណេស៊ី។ អាជ្ញាធរបានបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅសណ្ឋាគារឆ្នេរសមុទ្រ និងវាយប្រហារនៅសារមន្ទីរប្រទេសទុយណេស៊ីនោះ ក្រុមជនល្មើសទទួលបានការហ្វឹកហ្វឺននិងបណ្តុះបណ្តាលពីក្រុមជីហាដស្ថិតនៅក្នុងប្រទេសលីប៊ី ៕