ខេត្ដសៀមរាប៖ ករណីសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ សៀមរាបចាប់ទំនិញគេចពន្ធដែលមាន ទាំងថ្នាំពេទ្យ និងគ្រឿងសម្អាងទម្ងន់ជាង ១តោននោះ ម្ចាស់ទំនិញអះអាងថា ខ្លួន បានបង់ប្រាក់ឱ្យសមត្ថកិច្ចគយនៅក្នុង ព្រលានយន្ដហោះខេត្ដសៀមរាបក្នុង ទំនិញ១កេស១០ឬ២០ដុល្លារ ដើម្បីអាច ដឹកទំនិញចេញក្រៅដោយសុវត្ថិភាព ។ បើទោះបីជាម្ចាស់ទំនិញអះអាងថា ខ្លួន នាំទំនិញគេចពន្ធជាលើកដំបូងក៏ដោយ ប៉ុន្ដែសមត្ថកិច្ចនគរបាលអះអាងថា ទំនិញបែបនេះមិនមែននាំចូលគេចពន្ធ ជាលើកដំបូងទេ ។
គួរបញ្ជាក់ថា កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ដសៀមរាបដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ដ និង លោកឧត្ដមសេនីយ៍ត្រី អ៊ុំ អមរា ស្នង ការរងទទួលបន្ទុកកណ្ដាលយុត្ដិធម៌ប្រឆាំង បទល្មើសបានចុះបង្ក្រាបករណីទំនិញគេច ពន្ធជាលើកទី១ដែលបានដឹកចេញពីក្នុង ព្រលានយន្ដហោះអន្ដរជាតិសៀមរាប តាមជើងយន្ដហោះកូរ៉េនិងឈានដល់ ការឃាត់បានម្ចាស់ទំនិញមកសួរនាំ ថែមទៀត ។
ការចុះបង្ក្រាបទំនិញគេចពន្ធលើកនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង ៤០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវមកពីព្រលានយន្ដហោះអន្ដរជាតិសៀមរាបត្រង់ចំណុចមុខស្នងការដ្ឋាននគរបាលខេត្ដក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ។
លោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ដបានប្រាប់ថា ដោយ មានការសហការពីសមត្ថកិច្ចទើបកម្លាំង ជំនាញឈានដល់ការឃាត់បានម្ចាស់រថយន្ដនិងម្ចាស់ទំនិញតែម្ដង។ទំនិញទាំង អស់នោះមានចំនួន៦មុខសរុបប្រមាណ៥៤កេសស្មើជាង១តោន ក្នុងនោះមាន អីវ៉ាន់១វ៉ាលិសនិង៤ថង់ ទូរស័ព្ទដៃចំនួន៨ គ្រឿងដែលទំនិញទាំងអស់នោះមិនបានចុះបញ្ជីការពីក្រសួងសុខាភិបាលនិង គ្មានលិខិតអនុញ្ញាតដែលមានច្បាប់ស្ដីពី ការគ្រប់គ្រងឱសថមិនបានចុះបញ្ជីការនិងច្បាប់ស្ដីពីគយឡើយ ។
លោក សឿន សេន បានបញ្ជាក់ទៀត ថា ម្ចាស់ទំនិញមានឈ្មោះ ជា ណារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិដក ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង អ្នកបើកបររថយន្ដឈ្មោះ យិន ថៃ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រញំង ពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញដែលមានរថយន្ដ ម៉ាកសាំយ៉ុងពណ៌ស១៥កៅអី ពាក់ស្លាក លេខភ្នំពេញ 2AF-7251 ។
ក្រោយពីឃាត់បានរថយន្ដនិងម្ចាស់ ព្រមទាំងម្ចាស់ទំនិញយកមកសួរនាំ ម្ចាស់ទំនិញបានសារភាពថា រូបគេពិត ជាបាននាំទំនិញទាំងអស់នេះជាលើកទី១ តាមច្រកទ្វារអន្ដរជាតិសៀមរាបពិត ប្រាកដមែន ហើយទំនិញទាំងនោះរូបគេ បានបង់លុយទៅឱ្យមន្ដ្រីគយក្នុងព្រលានយន្ដហោះក្នុង១កេសតម្លៃចាប់ពី១០ ដុល្លារទៅ២០ដុល្លារទើបអាចដឹកចេញមកដោយសុវត្ថិភាព ។
ចំពោះបញ្ហានេះម្ចាស់ទំនិញបន្ដរង់ ចាំថ្នាក់លើដាក់បញ្ជាថា ត្រូវផាកពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ? ចំណែកគយទាំង២នាក់ក្នុងព្រលានយន្ដ ហោះអន្ដរជាតិសៀមរាបដែលបានយកលុយពីម្ចាស់ទំនិញមានឈ្មោះ ជា ម៉ាន់ និងម្នាក់ទៀតឈ្មោះរ៉ាជាអ្នករត់ការយកលុយពីឈ្មួញដើម្បីឱ្យទំនិញទាំងនោះ ចេញមកក្រៅបានដោយរលូនសមត្ថ កិច្ចនៅមិនទាន់មានចំណាត់ការនៅ ឡើយទេ ។
នេះជាគឺជាភស្ដុតាងមួយបញ្ជាក់ថា មន្ដ្រីគយប្រចាំការនៅព្រលានយន្ដហោះ ខេត្ដសៀមរាបមានជាប់ពាក់ព័ន្ធនឹង អំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលប្រការ នេះក្រសួងសេដ្ឋកិិច្ច និងហិរញ្ញវត្ថុគួរ ចាត់វិធានការជាបន្ទាន់ដើម្បីកុំឱ្យមាន រឿងរ៉ាវបែបនេះតទៅទៀត ៕
ដោយ៖ ប៊ុន រិទ្ធី