ភ្នំពេញ, ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ មានភ្លៀងតិចតួច ! នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយមបានផ្សាយបញ្ជាក់ឲ្យដឹងថា, ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ ។ ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
– នៅថ្ងៃទី២១-២៤ ខែសីហា បណ្តាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ព្រមជាមួយនោះក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ, សុខ ខេមរា