ក្រុមតាលីបង់ប្រកាសមិនសងសឹកអតីតមន្ត្រីរដ្ឋាភិបាល ហើយអំពាវនាវឱ្យវិលត្រឡប់មកធ្វើការវិញ

ចែករំលែក៖

ក្រុមតាលីបង់ដែលដណ្តើមបានការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដោយមិនមានការបង្ហូរឈាមនោះ បានជំរុញឲ្យអតីតមន្ត្រីរដ្ឋាភិបាលវិលត្រឡប់មកធ្វើការដូចដើមវិញ ហើយលើកលែងទោសទាំងអស់ដល់អតីតមន្ត្រីនិងពលរដ្ឋដែលធ្លាប់បម្រើដល់រដ្ឋាភិបាលចាស់។ ការប្រកាសខាងលើកើតឡើងក្រោយពេលក្រុមតាលីបង់បានគ្រប់គ្រងរដ្ឋធានីកាប៊ុលរយៈពេល២ថ្ងៃកន្លងមក។

សារព័ត៌មានAFP បានដកស្រង់ការប្រកាសជាផ្លូវការរបស់ក្រុមតាលីបង់ កាលពីថ្ងៃទី១៧ខែសីហាថា «ការសម្រេចលើកលែងទោសត្រូវបានប្រកាស ដូច្នេះពលរដ្ឋទាំងអស់គួរតែមានទំនុកចិត្តវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាវិញចុះ»។ ក្រោយការប្រកាស ភាពប្រក្រតីត្រូវបានគេមើលឃើញថា បានកើតមានឡើងនៅរដ្ឋធានីកាប៊ុល ។
ក្រៅពីការលើកលែងទោស និងជំរុញឲ្យប្រជាជនប្រកបរបររស់នៅ ដូចប្រក្រតីឡើងវិញនេះ ក្រុមតាលីបង់ក៏ជំរុញឲ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលខ្លួនផងដែរ។ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានបង្ហោះសារលើគណនី Twitter របស់ខ្លួនថា «រដ្ឋធានីកាប៊ុលបានស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងដោយក្រុមតាលីបង់ហើយ។ ការអនុវត្តច្បាប់និងសណ្តាប់ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនេះ»។
លោក Mujahid បានបញ្ជាក់ឱ្យដឹងទៀតថា អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនគឺសុទ្ធតែស្ថិតនៅក្នុងសុវត្ថិភាព។ ដោយឡែកមនុស្សសរុប២០០នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ក្រោយពីពួកគេបានចូលរួមលួចរថយន្តនិងទ្រព្យសម្បត្តិរដ្ឋជាច្រើនទៀត។ អ្នកនាំពាក្យខាងលើនេះបានពាំនាំជាថ្មីនូវបទបញ្ជាចេញដោយរបបដឹកនាំក្រុមតាលីបង់យ៉ាងច្បាស់លាស់ដូច្នេះថា «គ្មាននរណាម្នាក់មានសិទ្ធិ ក្នុងការចូលទៅក្នុងគេហដ្ឋានរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតនោះឡើយ។ អាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់ប្រជាជនត្រូវតែស្ថិតក្នុងការពារ ដោយមិនត្រូវឲ្យមានការយាយីជាដាច់ខាត»។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺ ការអំពាវនាវដល់ស្ត្រីឱ្យចូលរួមជាមួយរដ្ឋាភិបាល ដែលពីមុនមកមិនដែលមានឡើយក្រោមរបបដឹកនាំរបស់តាលីបង់។ ប៉ុន្តែក្រុមតាលីបង់ ក្រោយ២០ឆ្នាំវិលត្រឡប់មកវិញបានប្រកាសថា បានកែប្រែហើយ ខុសពីអតីតរដ្ឋាភិបាលតាលីបង់កាលពីមុនឆ្នាំ២០០១៕ដោយ៖សាធី

...


ក្រុមតាលីបង់បានគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថានបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យទី ១៥ ខែសីហាឆ្នាំ ២០២១ ។ រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print