ពិភពលោកពិតជាមានភាពតក់ស្លុតបំផុត ពេលឃើញរូបភាពដែលជនជាតិអាហ្វហ្កានីស្ថាន បានធ្លាក់ពីលើយន្តហោះកងទ័ពអាមេរិកស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពួកគេបានតោងកង់យន្តហោះ និងស្លាបយន្តហោះ ព្យាយាមភៀសខ្លួនចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្មានម៉ោងក្រោយក្រុមតាលី បានប្រកាស គ្រប់គ្រងប្រទេសទាំងស្រុង។
រូបភាពនេះបានបង្ហាញពីសោកនាដកម្មថ្មីមួយទៀត ដែលជាការចងចាំរបស់មនុស្សជាតិនៅពេលដែលមហាអំណាចអាមេរិក សម្រេចចិត្តបោះបង់ចោលប្រទេស ដែលពួកគេចូលធ្វើសង្គ្រាមលុកលុយ ដោយទុកឱ្យជនស្លូតត្រង់នៃប្រទេសនោះរងទុក្ខវេទនា និងគ្មានអារម្មណ៍សុវត្ថិភាពជីវិតខ្លួនរងការគំរាមកំហែងគ្រប់ពេលវេលា។
រូបភាពនេះបន្ថែមនូវភាពខ្លោចផ្សាកាន់តែខ្លាំងថែមទៀត ពីលើរូបភាពនៃការដណ្តើមគ្នាជិះយន្តហោះ និងការប្រើឧត្ថម្ភចក្រជម្លៀសមនុស្សចេញពីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដែលពិភពលោកធ្លាប់ឃើញរូបភាពដូចគ្នានេះកាលពី៤៦ឆ្នាំមុន នៅទីក្រុងភ្នំពេញ នាខែមេសាឆ្នាំ១៩៧៥ ពេលអាមេរិកជម្លៀសជនជាតិខ្លួន និងមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរចេញពីទីក្រុងភ្នំពេញមុនពេលខ្មែរក្រហមឡើងកាន់អំណាច និងទិដ្ឋភាពនៃការជម្លៀសប្រជាជននៅលើដំបូលស្ថានទូតអាម៉េរិក និងពលរដ្ឋវៀតណាមដណ្តើមគ្នាឡើងយន្តហោះចាកចេញពីទីក្រុងសៃហ្គន វៀតណាមខាងត្បូង។
កាលពីឆ្នាំ២០០១ អាមេរិកបានប្រើយន្តហោះដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអាហ្វហ្កានីស្ថាន ក្នុងហេតុផលកម្ចាត់ក្រុមបណ្តាញភេវរកម្មអាល់កៃដា និងក្រុមតាលីបង់ ដែលសង្ស័យថាជាអ្នកសមគំនិតលើការរៀបចំផែនការវាយប្រហារ លើអគារពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ២០ឆ្នាំក្រោយមក យន្តដែលធ្លាប់ទម្លាក់គ្រាប់បែកបែរជាទម្លាក់មនុស្សទៅវិញ ដែលគ្នាសុំត្រឹមតែរស់ជីវិតប៉ុណ្ណោះនៅលើទឹកដីសហរដ្ឋអាមេរិក ដែលគេជឿថា ជាទឹកដីនៃសេរីភាព និងប្រជាធិបតេយ្យ ក្រោយបម្រើប្រទេសនេះក្នុងការធ្វើសង្គ្រាមក្នុងប្រទេសខ្លួន។
តែក្តីប្រាថ្នាពួកគេមិនបានសម្រេចឡើយ! យន្តហោះមិនទទួលឱ្យជិះ និងបានបន្តហោះហើរដោយមិនខ្វល់អ្វីបន្តិចឡើយទាំងដឹងថា មានមនុស្សនៅតោងកង់យន្តហោះ ស្លាបយន្តហោះ ហើយទីបំផុតពួកគេបានធ្លាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមជាទីបំផុត។ សូម្បីតែសិទ្ធិរស់រានមាន ជីវិតក៏ពួកគេគ្មានដែរ! រហូតមកដល់ពេលនេះ មិនទាន់មានអង្គការសិទ្ធិមនុស្សដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អង្គការលើកលែងទោសអន្តរជាតិ Amnesty International និងអង្គការសិទ្ធិមនុស្សក្នុងស្រុកដូចជា អង្គការលីកាដូ អាដហុក ឬមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត ចេញសេចក្តីថ្លែងការណ៍ថ្កោល ទោសសហរដ្ឋអាមេរិកនៅឡើយទេ។ ស្ងាត់មាត់ដូចចោរលួចសេះ!
តើឯណាទៅការគោរពសិទ្ធិមនុស្សនោះ? អំពើឃោរឃៅនេះ នឹងត្រូវមនុស្សជាតិចងចាំជានិច្ច។
ចងចាំចំពោះមហាអំណាចមួយដែលតាំងខ្លួនថា ជាបិតាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ តែបានហោះធ្វើឱ្យមនុស្សធ្លាក់ពីលើយន្តហោះទាំងរស់ដោយគ្មានក្តីមេត្តា។ តើនឹងមានអ្វីកើតឡើងទៀតចំពោះប្រជាជនអាហ្វហ្កានីស្ថានស្លូតត្រង់ផ្សេងទៀត ជាពិសេសក្មេងនិងស្ត្រី? ពួកគេពិតជារស់នៅតាមយថាកម្មព្រោះថា ប្រទេសដែលពួកគេទុកចិត្តបំផុតនោះ បានទុកពួកគេចោលយ៉ាងកណ្តោចកណ្តែងបំផុត។ អារម្មណ៍មួយនេះប្រជាពលរដ្ឋខ្មែរពិតជាបានដឹងយ៉ាងច្បាស់ណាស់ ព្រោះបានហែលឆ្លងកាត់រួចហើយកាលពីឆ្នាំ១៩៧៥។
ប៉ុន្តែពួកគេនឹងដឹងកាន់ច្បាស់និងច្បាស់ជាងអ្វីៗទាំងអស់ថា តើបិតាសិទ្ធិមនុស្សនេះមានចិត្តមេត្តាឬអត់ ក្រោយបានស្តាប់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងថា «បេសកកម្មរបស់សហរដ្ឋអាមេរិក មិនមែនក្នុងបំណងដើម្បីកសាងប្រជាជន ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។ នេះជាសារដ៏គួរឱ្យសង្វេគបំផុតសម្រាប់ពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជ្រើសរើសសេរីភាព និងប្រជាធិបតេយ្យ តែទំនងជាសេរីភាព និងប្រជាធិបតេយ្យក្លែងក្លាយរយៈពេល២០ឆ្នាំមកនេះ។
ប្រជាជនអាហ្វហ្កានីស្ថានខ្លះចាប់ផ្តើមនិយាយថា ខ្លួនមិនគួរជឿជាក់និងទុកចិត្តលើសហរដ្ឋអាមេរិកឡើយ ក្រោយអាមេរិកបោះបង់ប្រជាជនអាហ្វហ្កានីស្ថាន បន្ទាប់ពីធ្វើសកម្មភាពយោធារយៈពេល២០ឆ្នាំរួចមក។ នេះគឺដូចគ្នានឹងបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ នៃរបបសាធារណរដ្ឋខ្មែរជូនទៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក គឺជាមេរៀនប្រវត្តិសាស្ត្រដែលកូនខ្មែរគួរដឹង៖
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិត ក្នុងការស្នើអញ្ជើញខ្ញុំទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញដោយសេរីភាព។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់រូបឯកឧត្ដម និងជាពិសេសប្រទេស មហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលឯកឧត្ដមមានគំនិតបោះបង់ប្រជាជនមួយជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដមបានបដិសេធមិនផ្ដល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និង ប្រទេសរបស់ឯកឧត្ដមរស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះនៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដម ដែលជាជនជាតិអាមេរិក»៕
ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១