ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ជាអ្នកនាំពាក្យអយ្យការ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រោយពីបានពិនិត្យលេីសំណុំរឿងខាងលេីចប់សព្វគ្រប់ តំណាងអយ្យការបានបេីកការស៊េីបសួរលេីជនសង្ស័យដែលជាអ្នកបេីកបរ ពីបទ បេីកបរស្ថិតក្នុងស្ថានភាពស្រវឹង និងបេីកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ដល់អ្នកដទៃ តាមមាត្រា ៧៧ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
រួចចេញដីកាសន្និដ្ឋានបញ្ជូនឲ្យចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី។
សូមបញ្ជាក់ថា កាលពីម៉ោង១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខកន្លែងលក់សាច់ក្រក ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ ធី បានបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-4705 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើត ទៅលិចយ៉ាងលឿនមិនបើកភ្លើងរថយន្តដើម្បីបំភ្លឺផ្លូវនោះទេ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះយ៉ាងពេញទំហឹង ម៉ូតូម៉ាកហុងដា ប៊ីត ពណ៌-ស ពាក់ស្លាកលេខ កណ្តាល 1AL- 9661 ជិះឌុបគ្នា ៣ នាក់ ដែលធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យយុវតីម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតបានស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ រួមទាំងម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា , អ្នករងគ្រោះដល់ស្លាប់ មានឈ្មោះ ស្រី ឆយ អាយុ១៨ឆ្នាំ មុខរបរ ធ្វើការនៅហាងកញ្ចុះ ស្នាក់នៅជិត ភ្នំប្រសិទ្ធិ៍ មានស្រុកកំណើត នៅខេត្តបាត់ដំបង។ ចំណែកអ្នកស្លាប់ម្នាក់ទៀត ឈ្មោះ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ធ្វើការជាមួយគ្នា មានស្រុកកំណើត នៅខេត្តបាត់ដំបង រងរបួសធ្ងន់។ រីឯម្នាក់ទៀតរបួសធ្ងន់ ឈ្មោះ ស្រី នីត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ និងស្នាក់នៅដូចគ្នា មានស្រុកកំណើត នៅខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចបានឃាត់ខ្លួនតៃកុងរថយន្តបង្ក ឈ្មោះធី ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូល ដើម្បីសួរនាំ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដំបូល ដើម្បីធ្វើសុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកសាលាដំបូងរាជធានីភ្នំពេញ ចំណែកសពត្រូវបានសមត្ថកិច្ចសរសេរលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសំណុំរឿងនេះ, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរទៅលើជនត្រូវចោទនៅឡើយ ។ ចំពោះព័ត៌មានលំអិតថាតើចៅក្រមសម្រេចឃុំឬមិនឃុំខ្លួននោះចាំអង្គភាព”នគរដ្រេហ្គន” ជម្រាបបញ្ជាក់ជូនជាក្រោយ៕