ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាបានជួបសន្ទនាការងារជាមួយការងារលោក សាយ សំភូន ភូមវិហាន ប្រធានថ្មីរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ នេះ។
កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរបានផ្តោតសំខាន់លើការ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិបទជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងណាក្តី ក្នុងការបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងពីរប្រទេស។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានលើកឡើងពីបញ្ហាមួយចំនួន ដែលមានតំបន់និងពិភលោក ក្នុងបរិបទកំពុងរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចសហប្រតិបត្តិសភាទំាងក្នុងកម្រិតទ្វេភាគីនិងពហុភាគីមានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហារួមមួយនេះ មប្រើសុខុមាលភាពពលរដ្ឋប្រទេសទំាងពីរ ក៍ដូចជាប្រជាជនក្នុងតំបន់និងសកលោក។
ប្រធានរដ្ឋសភារដ្ឋសភាកម្ពុជា និងឡាវ បានបញ្ជាក់ថារដ្ឋសភាប្រទេសទំាងពីរតែងតែគំាទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាសភាពដើម្បីបម្រើដល់ផលប្រយោជន៍រួម។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក សាយ សំភូន ភូមវិហាន បានបង្ហាញនូវ ទស្សនទានយ៉ាងមុះមុតក្នុងការបន្តអនុវត្តនូវអនុស្សារណៈយោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការជំរុញដល់ការផ្លាស់ប្តូរបទពិសោធន៍ការងារនៅគ្រប់កម្រិត តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យបានទៀតទាត់ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានអបអរសាទចំពោះ លោក សាយ សំភូន ភូមវិហាន ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទាំងក្នុង ក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋសភា កាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត ។
ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តប្រទេសទំាងពីរបានអបអរសាទរចំពោះប្រទេសទំាងពីរដែលកាលថ្មីៗនេះ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស ទាំងពីរ ដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជោយ និងយូរអង្វែង ដែលជាសមិទ្ធផលដ៏ធំធេងមួយជាប្រវត្តិសាស្រ្តមួយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបពីស្ថានការណ៍វិវឌ្ឍន៍ថ្មីរបស់កម្ពុជាដូចជាសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋដោយមិនគិតថ្លៃទំាងលើមនុស្សពេញវ័យនិងកុមារនិងយុវជ័យដែលមានអាយុ ពី១២ដល់១៧ឆ្នាំ ឲ្យបានជាង១០លាននាក់ ដែលបានផែនការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ឈានទៅសម្រេចបានភាពស៊ាំសហគមន៍ ដែលជាកត្តាសំខាន់មួយអាចនាំឲ្យសង្គមជាតិវិលទៅភាពប្រក្រតីវិញឈានដល់ការស្តារសេដ្ឋកិច្ចនិងសង្គមបានក្នុងពេលឆាប់ៗនេះ។
សម្តេចបានគូសបញ្ជាក់ថា ក្រៅពីការខិតខំថែរក្សាសុខុមាលភាពជូនពលរដ្ឋកម្ពុជាបានខិតខំស្តារសេដ្ឋកិច្ច សង្គម ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្មតាមរយៈការដាក់ចេញនូវទម្លាក់មូនិធិសង្គមវិធានការអន្តរាគមន៍ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល បន្តបន្ទាប់ ដោយបានចំណាយពីទឹកប្រាក់៧១៩ លានដុល្លារកើនដល់ជាង ១៤៥០ លានដុល្លារ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថានៅឆ្នាំ២០២២ខាងមុខនេះ មានការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ នូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថានឹងមានកំណើនឡើងវិញក្នុងអត្រា ៤% គឺនឹង មានអាចសម្រេចបានឡើយ ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនិងវត្តមានវីរុសបំប្លែងថ្មីៗ ជាពិសេស មេរោគបម្លែងដែលតា កំណើននេះអាចនឹងថយមកត្រឹម ២.៤%។
លោក សាយ សំភូន ភូមវិហាន ក៍បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវដែលកំពុងប្រឈមជាមួយនឹងរលកទី២។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានកំពុងរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធជំងឺជំងឺកូវីដ១៩ផងនិងបានខិតខំលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចជាតិផង។ សេដ្ឋកិច្ចប្រទេសឡាវបានបន្តមានកំណើនជាវិជ្ជមានប៉ុន្តែនៅតែមានហានិភ័យជាមួយបញ្ហាផ្សេងៗដូចជា គ្រោះធម្មជាតិ ជាដើម។
លោកប្រធានរដ្ឋសភា បានជម្រាបសម្តេចហេង សំរិន ថា៖ ក្នុងសម័យប្រជុំរដ្ឋសភាឡាវជាវិសាមញ្ញាក្នុងនីតិកាលទី៩នាពេលកន្លងមកថ្មីៗនេះ បានសម្រេចនូវរបៀវារៈជាតិជាច្រើនក្នុងការបម្រើប្រជាជននិងប្រទេសជាតិ។
នៅទីបញ្ចប់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ឡាវ និងបានសន្យាថានឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះ រដ្ឋសភាឡាវត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំ ក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២១នេះ៕
ដោយ៖សហការី