ខេត្តឧត្តមានជ័យ៖ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៦ នេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអញ្ជើញចូលរួមពី លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការនៃសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងលោក ស ថាវី ប្រធានកិត្តិយសសាខាកក្រក ខេត្តឧត្តរមានជ័យ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារយោធិន និងនិវត្តន៍ជនមកពីអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ចំនួន ៤៨៥គ្រួសារ ព្រមទាំងអ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង គ្រួសារទីទ័លក្រចំនួន ១២៥គ្រួសារ ក្នុងស្រុកអន្លង់វែង នៃខេត្តឧត្តមានជ័យ សរុបចំនួន ៦១០គ្រួសារ ដែលពិធីនេះប្រព្រឹត្តនៅក្នុងបរិវេណរមនីយដ្ឋានផ្ទះតាមុក។
មានប្រសាសន៍ក្នុងឱកាសនោះ លោកនាយក នាយកដ្ឋាន បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចាកឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីផ្ទុកមេរោគអេដស៍មានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារក និងដើម្បីការពារការឆ្លងមេរោគអេដស៍ពីមាតាទៅទារកផងដែរ។ ជាពិសេស សូមបងប្អូនទាំងអស់ថែរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រោះ រដូវប្រាំងឆ្នាំនេះ មានភាពក្តៅខ្លាំង និងមានការខ្វះខាត់ទឹកប្រើប្រាស់ក្នុងតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
គ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម, មីយើង ១កេស, ត្រីខ ១០កប៉ុង, ឃីត ១(សារុង មុង ភួយ ក្រមា) ដែលក្នុងនោះ អង្ករ ជាអំណោយរបស់ លោកឧកញ៉ា ឌី ប៉ូ សម្ភារៈជាអំណោយរបស់កាកបាទក្រហមកម្ពុជា។
ក្នុងថ្ងៃដដែលនោះ លោកវេជ្ជបណ្ឌិត និងក្រុមការងារ បានបន្តនាំយកអំណោយ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ងិន សារិន អាយុ៣៦ឆ្នាំ ជានាយកអនុវិទ្យាល័យ លំទង ទទួលមរណភាពដោយសារដាច់សសៃឈាមខួរក្បាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដោយបន្សល់ទុកនៅកូនភ្លោះ២នាក់ ហើយភរិយាមានផ្ទៃពោះ៣ខែទៀត ដែលរស់នៅភូមិទួលទ្រៀស ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តមានជ័យ៕ សុខ ខេមរា