លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីលទ្ធផលការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា ក្នុងនោះដោយបញ្ជាក់ថា, I.ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១:

១- ការងារដាំដុះ ៖
ក – លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦ ២៦១ហ.ត ស្មើនឹង ០,៦០% និងដោយគ្រឿងយន្តចំនួន ២ ៦៨៤ ៩២៨ហ.ត ស្មើនឹង ៩៩,៤០% លើសឆ្នាំមុន ១២៩ ៤៤៩ហ.ត។

ខ – លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ២ ៦៥៨ ៧៥៦ហ.ត ស្មើនឹង ១០១,៩០% នៃផែនការ ២ ៦០៩ ០៦៥ហ.ត លើសឆ្នាំមុន ២០៦ ៨៧០ហ.ត និងស្រូវតាមប្រភេទរួមមាន៖
– ស្រូវស្រាលចំនួន ៨៩០ ៦៤៥ហ.ត លើសឆ្នាំមុន ១៧៩ ៦០០ហ.ត
– ស្រូវកណ្ដាលចំនួន ១ ២៨៩ ៧៦២ហ.ត លើសឆ្នាំមុន ២៧ ០៧៦ហ.ត
– ស្រូវធ្ងន់ចំនួន ៤៣៦ ០៩១ហ.ត លើសឆ្នាំមុន ៩ ៨៦៥ហ.ត
– ស្រូវចម្ការចំនួន ១៩ ៦១២ហ.ត លើសឆ្នាំមុន ១ ១១៦ហ.ត
– ស្រូវទ្បើងទឹកចំនួន ២២ ៦៤៦ហ.ត តិចជាងឆ្នាំមុន ១០ ៧៨៧ហ.ត។

២- ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាឆ្នាំ២០២១ ៖
ការងារប្រមូលផលស្រូវស្រាលដើមរដូវសម្រេចបានចំនួន ៣០២ ៣៣៧ហ.ត លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន។ ទិន្នផលគិតជាមធ្យម ៤,១៩៣តោន/ហ.ត។

II.ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១

ក-ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៥១ ៥៣៧ហ.ត ស្មើនឹង ៩៥,៦៦ ភាគរយនៃផែនការ ៥៣ ៦៨៦ហ.ត តិចជាងឆ្នាំមុន ១៦៥ហ.ត។

ខ-ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៧៦៦ ៣៧៥ហ.ត ស្មើនឹង ៩៣,៤៦ភាគរយនៃផែនការ ៨១៩ ៩៨៩ហ.ត លើសឆ្នាំមុន ៧ ៩៤៤ហ.ត។

III. ស្ថានភាពប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ
គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ (បន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប) បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ ៩៤២ហ.ត ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ហ.ត និងស្តារបានចំនួន ២ ៣៧៦ហ.ត។

IV. សេចក្តីសន្និដ្ឋាន
រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហ.ត ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print