ភ្នំពេញ,បើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គឺបញ្ជាក់ថា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
កម្មវត្ថុ៖ ការអនុវត្តគោលការណ៍ និងបែបបទនៃការជ្រើសរើសមន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តបម្រើការងារ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រើប្រាស់ថវិកាហិរញ្ញប្បទាន និងថវិកាប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ជ្រាបថា ការជ្រើសរើសមន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តបម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ការជ្រើសរើសផ្អែកតាមតម្រូវការការងារចាំបាច់របស់អង្គភាព ដើម្បីបំពេញកង្វះខាតបុគ្គលិក និងគោលការណ៍ស្ម័គ្រចិត្តរបស់សាមីជន ដោយទទួលបាននូវរបបឧបត្ថម្ភផ្សេងៗតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អង្គភាព នៅក្នុងអំឡុងពេលកំពុងបំពេញការងារ និងមិនទាមទារនូវអត្ថប្រយោជន៍ផ្សេងៗ ដែល មិនមានក្នុងគោលការណ៍ដែលបានកំណត់ឡើយ។ ដើម្បីអនុវត្តឱ្យមានការឯកភាពគ្នាក្នុងការបំពេញទម្រង់បែបបទ ងាយស្រួលដល់ការងារគ្រប់គ្រង ក្រសួងសុខាភិបាលតម្រូវឱ្យអង្គភាព ដែលធ្វើការជ្រើសរើសមន្ត្រីកិច្ចសន្យា និងបុគ្គលិក ស្ម័គ្រចិត្តបម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ បំពេញបែបបទតាមទម្រង់គំរូដែលភ្ជាប់មកជាមួយដូចខាងក្រោម៖
១. ពាក្យសុំចូលបម្រើការងារ
២. ប្រវត្តិរូបសង្ខេប
៣. កិច្ចសន្យាការងារ
៤. លិខិតបង្គាប់ការឱ្យចូលបម្រើការងារ។
អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់ចែង ឱ្យមន្ទីរសុខាភិបាលអនុវត្តការងារនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូម លោក លោកស្រី អភិបាលនៃរាប់អានពីខ្ញុំ៕
ដោយ, សុខ ខេមរា