ភ្នំពេញ ៖ នៅថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ បន្ទាប់ពី សមត្ថកិច្ចបញ្ជូនបុរស២នាក់ដែលជាប់ពាក់ព័ន្ធនិងការរត់ការដោះលែងអ្នកជាប់ធ្វើចត្តាឡីស័ក២នាក់ទៅកាន់តុលាការ ត្រូវបាន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ។
ជនសង្ស័យ២នាក់ដែលព្រះរាជអាជ្ញាដោះលែងវិញនោះ
ទី១-ឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីក្រសួងធនធានទឹក ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ បូរ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ១៥អឺ៣ ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួររំលឹកថា កម្លាំងសមត្ថកិច្ចផ្នែកយុត្តិធម៍ខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចមុខសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងអំពើឆបោកប្រាក់(ពីអ្នកធ្វើចត្តាឡីស័ក) ប្រព្រិត្តនៅចំណុចសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
លើសពីនេះទៀត ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូត រថយន្តមួយគ្រឿងម៉ាក លុចស៊ីស៤៧០ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2D-7199,ទូរស័ព្ទដៃមួយគ្រឿងម៉ាក REALME ពណ៌ស្វាយ និងលុយខ្មែរចំនួន៤០ម៉ឺនរៀល(សែសិបម៉ឺនរៀល) (ជារបស់ជនសង្ស័យឈ្មោះ សុខ វណ្ណថា)។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone6 ពណ៌ទឹកមាស (ជារបស់ជនសង្ស័យឈ្មោះ បូរ សុភ័ក្ត្រ)។ ចំណែកជនរងគ្រោះ និងសម្ភារបាត់បង់(គ្មាន)។
កម្លាំងសមត្ថកិច្ចបានដឹងថា កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សុខ វណ្ណថា និងឈ្មោះ បូរ សុភ័ក្ត្រ បានជិះរថយន្តម៉ាក លុចស៊ីស ៤៧០ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2D-7199 ទៅធានាក្មួយចំនួន០២នាក់ ស្រីមួយប្រុសមួយ ឈ្មោះ ហ៊ន ចាន់ណា និងឈ្មោះ ហឿន ចាន់ធី(ប្តីប្រពន្ធ)ដែលកំពុងធ្វើចត្តាឡីស័កបានចំនួន១២ថ្ងៃនៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយបានការណែនាំពីអ្នកយាមនៅកន្លែងធ្វើចត្តាឡីស័ក ជនសង្ស័យទាំង០២នាក់បានធ្វើលិខិតធានា និងមានចំណារឯកភាពពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អនុញ្ញាតិឲ្យអ្នកធ្វើចត្តាឡីស័កពីរនាក់ប្តីប្រពន្ធខាងលើត្រឡប់ទៅផ្ទះវិញ ក្រោយមកមានការលេចលឺព៌ត៌មានថាជនសង្ស័យទាំង០២នាក់បានយកលុយចំនួនមួយលានរៀលជាថ្នូរធានាចេញពីកន្លែងធ្វើចត្តាឡីស័ក។ លុះនៅវេលាម៉ោង២០ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យទាំង០២នាក់ រួមនិងរថយន្តមួយគ្រឿង នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ សុខ វណ្ណថា និងឈ្មោះ បូរ សុភ័ក្ត្រ បានសារភាពថាខ្លួនបានធ្វើការធានាប្តីប្រពន្ធចេញកន្លែងធ្វើចត្តាឡីស័កប្រាកដមែន តែមិនបានយកលុយចំនួនមួយលានរៀលធ្វើជាថ្នូរក្នុងការធានានោះទេ។
សូមបញ្ជាក់ថា សំណុំរឿងនេះត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ហើយក្រោយពីសាកសួរជនសង្ស័យរួចមក លោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូង បានសម្រេចដោះលែងជនសង្ស័យអោយមានសេរីភាពវិញហើយ ។
ពាក់ព័ន្ធក្នុងករណីនេះអង្គភាព នគរដ្រេហ្គន មិនទាន់ធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ អង្គភាព នគរដ្រេហ្គន នឹងបកស្រាយជូននៅពេលដែលទទួលបានការបញ្ជាក់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ៕
ដោយ៖ រ៉ារ៉ា