ភ្នំពេញ, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចេញ សេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា, យោងតាមព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះថា “ក្រសួងមិនចេញច្បាប់ទទួលស្គាល់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន” ដោយផ្អែកលើការផ្ដល់ព័ត៌មានពី កសិករដាំមៀន ដែលរស់នៅខេត្តបាត់ដំបងដោយមិនបញ្ចេញឈ្មោះម្នាក់ ហើយដែល RFI ផ្តល់ឈ្មោះហៅក្រៅថា បូរ៉ា។ កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់បណ្តាញ សារព័ត៌មាន អញ្ជើញវិស័យឯកជនចូលរួមបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀន ប៉ុន្តែរហូតមកដល់ពេលនេះនៅពុំទាន់មានម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀនណាមួយដែលបានរៀបចំរួចរាល់ មកដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គ
នាយកដ្ឋានកសិកម្មនៅឡើយទេ។
ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក អគ្គនាយក ដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាសេនាធិការបច្ចេកទេស ក៏បានផ្តល់កិច្ចសហការជិតស្និទ្ធ ជាមួយបងប្អូនប្រជាកសិករជាសមាជិកសហគមន៍ដំណាំមៀនប៉ៃលិន ដោយបានផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុ វត្តកសិកម្មល្អកម្ពុជា(CamGAP) និងវាយតម្លៃដើម្បីចុះបញ្ជីចម្ការមៀនជាកសិដ្ឋានអនុវត្តកសិកម្មល្អកម្ពុជា បានចំនួន ៥៤កសិដ្ឋាន។ សូមបញ្ជាក់ជូនផងដែរថា ការចុះបញ្ជីជាកសិដ្ឋានអនុវត្តកសិកម្មល្អនេះជាលក្ខខណ្ឌតម្រូវមួយមិនអាច ខ្វះបាននៅក្នុងការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានចុះពិនិត្យផ្ទាល់ដល់ទីកន្លែងសាងសង់រោងចក្រកែច្នៃ និង វេចខ្ចប់ផ្លែមៀនប៉ៃលិន និងណែនាំផ្នែកបច្ចេកទេសជូនតាមជាក់ស្ដែង ដើម្បីធានានូវអនុលោមភាពតាមលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យរបស់ប្រទេសនាំចូលឱ្យបានរួចរាល់នៅមុនពេលអង្គភាពមានសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេស នាំចូលចុះពិនិត្យ និងវាយតម្លៃផ្ទាល់នៅតាមបណ្តារោងចក្រកែច្នៃ និងវេចខ្ចប់រួច ទើបអនុញ្ញាតឱ្យធ្វើការនាំចេញដូច ដែលក្រសួងធ្លាប់បានផ្សព្វផ្សាយជូនក្នុងសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះ។
ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលទាំងស្រុងនូវព័ត៌មានរបស់ឈ្មោះហៅ ក្រៅថា បូរ៉ា កសិករដាំមៀននៅខេត្តបាត់ដំបង ដែលបានផ្តល់ព័ត៌មានតាមរយៈវិទ្យុបារាំង RFI ដោយមិនឆ្លុះបញ្ចាំងការ ពិត និងមានចរិតញុះញង់ឱ្យប្រជាកសិករមានការយល់ច្រឡំដល់ស្ថាប័នសាធារណៈដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បី ចរចាបើកទីផ្សារសម្រាប់ការនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសថៃ និងប្រទេសចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងជ្រាបជាព័ត៌មាន និងចូល រួមចំណែកក្នុងស្មារតីជួយលើកកម្ពស់ផលិតភាព និងមោទកភាពផលិតផលកសិកម្មជាតិយើងជាក់ជាមិនខាន៕