ភ្នំពេញ, ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ចំនួន៣គ្រឿង និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» មួយចំនួនត្រូវបានក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ផ្តល់ជាអំណោយប្រគល់ ជូនក្រសួងបរិស្ថានដើម្បីប្រើប្រាស់ក្នុងការបន្សុទ្ធខ្យល់ សម្លាប់មេរោគជាពិសេសដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ពិធីប្រគល់ម៉ាស៊ីនបន្សុទ្ធខ្យល់និងទឹកថ្នាំកម្ចាត់មេរោគនេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថានដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានានិងលោក លឹម តារា នាយកក្រុមហ៊ុន និងលោក Shaun Waits ប្រធានប្រតិបត្តិការក្រុមហ៊ុន។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ដែលបាននាំចូលនូវផលិតផលបន្សុទ្ធខ្យល់កម្ចាត់មេរោគប្រកបដោយបច្ចេកវិទ្យាខ្ពស់មកកាន់ទីផ្សារកម្ពុជា និងបានផ្តល់ជាអំណោយដល់ក្រសួងបរិស្ថាននៅពេលនេះដើម្បីបន្សុទ្ធខ្ពស់ក្នុងអគារនៃទីស្តីការក្រសួង និងបង្កើនផាសុកភាព បង្កើតបរិយាកាសសុវត្ថិភាពខ្ពស់ដល់មន្ត្រីរាជការដែលមកបំពេញការងារក៏ដូចជាចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ចំពោះការផ្តល់ អំណោយនេះនិងបានបង្ហាញការគាំទ្រចំពោះការប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់កម្ចាត់មេរោគនេះ។
គួរបញ្ជាក់ថា ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ
EcondLife គឺជាម៉ាស៊ីនបន្សុទ្ធខ្យល់ និង កម្ចាត់មេរោគប្រើប្រាស់មីក្រូឈីបវៃឆ្លាតដំបូងគេបង្អស់លើលោក ដែលមានប្រព័ន្ធបញ្ចេញទឹកសំណើមឆាប់រហ័សដោយកម្មវិធីមីក្រូឈីបដើម្បីការពារមនុស្សពីមេរោគទាំងឡាយ រួមទាំងវីរុសកូរ៉ូណាផងដែរ។ ការរចនារបស់ EcondLife គឺបង្កើតឡើងដើម្បីប្រើប្រាស់ជាមួយទឺកបន្តក់សម្លាប់មេរោគ INC។ វាបញ្ចេញសំណើមទឹកថ្នាំ Ionic Nano Copper ល្អិតៗចូលទៅក្នុងបរិយាកាសដើម្បីបង្អាក់សកម្មភាពវិវត្តន៍នៃមេរោគក្នុងខ្យល់ភ្លាមៗ។
EcondLife អាចគ្របដណ្តប់បានដល់ទៅ៣០០០ហ្វីតការ៉េ ឬ ២៧៨ ម៉ែត្រការ៉េ។ វាអាចសម្អាត៦ដងលឿនជាងម៉ាស៊ីតទូទៅ និង សម្អាតបានទីតាំងធំជាងម៉ាស៊ីនទូទៅដែលមានលក់ក្នុងទីផ្សារដល់ទៅ៦ដង ដែលម៉ាស៊ីនទូទៅអាចសម្អាតត្រឹម ៥០០ហ្វីតការ៉េ ឬ ៤៦ ម៉ែត្រការ៉េ។
ក្រៅពីបង្កើតបរិយាកាសមួយដែលគ្មានភ្នាក់ងារបង្ករោគ ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife អាចបង្កើនកំរិតអុកស៊ីសែន និងបន្ថែមកំរិតសំណើម ដែលនេះអាចបង្កើតបរិយកាសដ៏ស្រស់ស្រាយ និង មានផាសុកភាពមួយ សម្រាប់ការរស់នៅ ដែលជាលទ្ធផលគឺវាជួយបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយមនុស្ស។
ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ក៏មានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគផ្សិត កំចាត់មេរោគអាឡែកហ្សី សត្វល្អិតចង្រៃនិងសត្វល្អិតធូលី ផ្សែងនិងផ្សែងពុល ព្រមទាំងបំបាត់ក្លិនមិនល្អនិងខ្យល់ហប់ផងដែរ។ ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife គឺស័ក្តិសមសម្រាប់ប្រើប្រាស់គ្រប់ទីតាំងទាំងអស់រួមមាន ផ្ទះ ការិយាល័យ កន្លែងរងចាំ បន្ទប់ប្រជុំ ភោជនីយដ្ឋាន សាលារៀននិងមណ្ឌលសិក្សា គ្លិនិកនិងមន្ទីរពេទ្យ ក្លិបហាត់ប្រាណ សណ្ឋាគារ ផ្សារទំនើប និង កន្លែងសាធារណៈជាច្រើនទៀត៕
ដោយ, សិលា