ខេត្តកណ្ដាល៖ សត្វពាហនៈ(គោ)របស់ប្រជាពលរដ្ឋចំនួន២ក្បាល ត្រូវជនមិនស្គាល់មុខលួចយកទៅពន្លះយកសាច់ ដោយបន្សល់ទុកតែស្បែកនិងគ្រោងឆ្អឹងប៉ុណ្ណោះ។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីព្រឹក នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះឈ្មោះ រស់ រិន នៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ រិន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យ (មិនស្គាល់អត្ដសញ្ញាណ)។ ដោយឡែកសម្ភារបាត់បង់មានសត្វគោញី សម្បុរ.សចំនួន០២ក្បាល។
ប្រភពដដែលបន្តថា នៅអំឡុងខែកុម្ភៈឆ្នាំ២០២១ ជនរងគ្រោះបានទិញគោញី សម្បុរ.សចំនួន០២ក្បាល(មេមួយកូនមួយ) ពីឈ្មោះ ពែន ភឿ និងប្រពន្ធឈ្មោះ វឿន សាវ៉េត នៅភូមិជាមួយគ្នា ក្នុងតម្លៃ៨, ០០០, ០០០រៀល យកមកចិញ្ចឹមដោយធ្វើក្រោលដាក់នៅក្រោមផ្ទះរបស់ខ្លួន។ រហូតមកដល់ម៉ោងប្រហែលជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា.ឆ្នាំ២០២១ ប្រពន្ធរបស់ជនរងគ្រោះបានចុះពីលើផ្ទះមកមើលគោរបស់ខ្លួនឃើញសត្វគោរបស់ខ្លួននៅក្នុងក្រោលទាំង០២ក្បាលធម្មតា ហើយក៏ឡើងទៅដេកនៅលើផ្ទះវិញ។ លុះដល់វេលាម៉ោង៥និង០០នាទីព្រឹកជនរងគ្រោះនិងប្រពន្ធកូនបានងើបពីដេកចុះមកដី ដើរទៅមើលគោក៏ស្រាប់តែបាត់សត្វគោរបស់ខ្លួនពីក្នុងក្រោលទាំងពីរក្បាល ពេលនោះជនរងគ្រោះក៏ស្រែកឆោឡោប្រាប់បងប្អូនឱ្យជួយដើររក និងរាយការណ៍ទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១។
ក្រោយពីទទួលព័ត៌មានកម្លាំងទំនាញនិងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ និងបានផ្សព្វផ្សាយតាមភូមិ រហូតដល់វេលាម៉ោង៧និង០០នាទី ក៏មានប្រជាពលរដ្ឋរាយការណ៍មកប្រាប់សមត្ថកិច្ចថា មានសត្វគោចំនួន២ក្បាល ត្រូវគេវះយកសាច់នៅសល់តែក្បាល ស្បែកនិងឆ្អឹងនៅចំណុចមាត់រណ្ដៅដីវាលប្រាំងរបស់ឈ្មោះ រ៉ាន់ ក្រោយភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បន្ទាប់មកកម្លាំងរបស់យើងក៏បានចុះទៅដល់ទីនោះ។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ៕