ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ទើបប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួយយកលុយអ្នកលក់បន្លែផ្សារដើមគរ យកអស់ប្រមាណជិត៤០ម៉ឺុនរៀល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខសណ្ឋាគារអ៊ីនធើខន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
បើតាមសម្តីរៀបរាប់ពីស្រ្តីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់លក់បន្លែនៅកន្លែង កើតហេតុដូចសព្វមួយដង និងបានដាក់កាបូបលុយនៅលើថង់បន្លែ ហើយនៅវេលាកើតហេតុស្រាប់តែមានជនសង្ស័យ៣នាក់បានដើរមក និងបានលួចយកលុយក្នុងកាបូបរបស់គាត់ ហើយត្រូវបានអ្នកដែលនៅក្បែរនោះឃើញក៏ស្រែកឆោឡោរឡើង ។ ពេលនោះជនសង្ស័យមានការភិតភ័យក៏បាននាំគ្នាយកលុយរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញតាំងពីមុខស្ថាននីយ៍ប្រេងឥន្ឋនៈកាល់តិច ហើយចាប់បានម្នាក់នៅមុខសណ្ឋាគារអ៊ីនធើខន រួចវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ ទើបប្រគល់ឱ្យសមត្ថកិច្ច ។ ចំណែកជនសង្ស័យ២នាក់ទៀតបានយកលុយគេចខ្លួនបាត់ ។
ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ចំណែកជនសង្ស័យសមត្ថកិច្ចយកមកសួរនាំនៅប៉ុស្តិ៍ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ដោយៈជីម ភារ៉ា ដង្កោ