ភ្នំពេញ,ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជូនព័ត៌មាន បញ្ជាក់អោយដឹងថា, បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ឆ្លងចូលសហគមន៍ដល់២៣ រាជធានី-ខេត្ត, លើកលែងតែខេត្តក្រចេះ និងខេត្តកែប មិនទាន់មាន ! លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង វិទ្យាស្ថានស្រាវជ្រាវសុខភាព សាធារណៈ រហូតមកដល់ថ្ងៃទី១៩ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1617-2(Delta)នៅក្នុង ប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នក ភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្ស សរុបទាំងអស់ចំនួន ៨៣៦នាក់ (ស្ដី ៤០៥នាក់) ហើយបានប៉ះ ពាល់ដល់២៣រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតា(Delta)នៅឡើយ ។
យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននឹងកំពុងបន្តរាតត្បាតវាយលុកចូលក្នុង សហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ – កណ្ដាល បន្ទាយមាន ជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មាន ៨៦,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤២,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
សូមជម្រាបជូនថា, ថ្ងៃនេះ ! ក្រសួងសុខាភិបាលកម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤៩៣នាក់ និងអ្នកជាសះស្បើយ ៦៥៥នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៦នាក់។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ផងដែរកាលពីម្សិលមិញថា , ថាកម្ពុជាជាប់ចំណាត់ថ្នាក់ដ៏ល្អក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេបន្ទាប់ពីប្រទេសអ៊ីស្រាអែល ។
ចំពោះព័ត៌មាននៅព្រឹកនេះ ប្រទេសមហាអំណាចអាមេរិកកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរបំផុត ក្នុងនោះ ត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥១,១០៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២១៕
ដោយ, សុខ ខេមរា