ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការមូលដ្ឋានខណ្ឌដង្កោ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលយករថយន្តស៊េរីទំនេីបមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់ កាលពីវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានផ្ទះល្វែងខាងត្បូងវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យខាងលេីមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិ ជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បានយករថយន្តស្លាកលេខ ខ.ម ធ្វើសកម្មភាពឃាត់រថយន្តដឹកទំនិញ និង គំរាមកំហែងទារប្រាក់នៅចំណុចទីតាំងខាងលើ ទើបកម្លាំងជំនាញ អ.ហ ខណ្ឌដង្កោ បានចុះដល់ទីតាំងផ្ទាល់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅមូលដ្ឋាន អ.ហ ខណ្ឌដង្កោ តែម្ដង ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការដកហូតបាន រថយន្តចំនួន០១គ្រឿង ម៉ាក FORD RANGER (ចង្កូតស្តាំ) ឆ្នាំផលិត២០២១ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ខេមរភូមិន្ទ , សាជីចំនួន០៦ដើម , ទូរស័ព្ទចំនួន០២គ្រឿង, ថ្មIDចំនួន០១គ្រាប់ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកងរាជអាវុធហត្ថខណ្ឌដង្កោ បញ្ជូនទៅកាន់ការិយាយព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ