ខេត្តព្រៃវែង, នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបន្តដំណើរមកដល់ខេត្តព្រៃវែង និងខេត្តស្វាយរៀងដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ០៣នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សូមជម្រាបជូនថាថ្ងៃនេះ, ក្រសួង សុខាភិបាល កម្ពុជា ! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៩៣នាក់ និង អ្នក ជាសះស្បើយ ៦៥៥នាក់ ខណៈ អ្នកជំងឺកូវីដ ស្លាប់ ១៦នាក់ ។ កន្លែងកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មាន ៨៦,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤២,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
សូមបញ្ជាក់ថា, លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ធ្លាប់បានថ្លែងថា, ខ្ញុំសូមធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ។ លោកស្រីគិតថាសមិទ្ធផលដែលទទួលបានពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅប្រទេសកម្ពុជានេះ គឺជាសមិទ្ធផលមួយគួរឲ្យស្ញប់ស្ញែង ជាពិសេសបងប្អូនដែលងាយរងគ្រោះ បានទទួលការចាក់វ៉ាក់សាំង ។ លោកស្រីបានបន្តថា, ជាការពិតណាស់! មកដល់ពេលនេះយើងបានដឹងគ្រប់គ្នាថា , ប្រជាពលរដ្ឋកម្ពុជាជាង ៨លាននាក់បានទទួលការចាក់វ៉ាក់សាំង ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត អង្គការសុខភាពពិភពលោក បានយល់ឃើញថាប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយសារជំងឺកូវីដ-១៩ នោះគឺអ្នកដែលមានវ័យចំណាស់ ប៉ុន្តែនៅប្រទេសកម្ពុជាពួកគាត់បានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង covid 19។ ក្នុងនោះលោកស្រីសូមសរសើរដល់កម្ពុជាដែលមានក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាលរហូតដល់ជាង៩៧% បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ , ហើយថ្ងៃនេះផ្ទាល់នាងខ្ញុំក៏បាន ឃើញបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយដែលមានអាយុច្រើនបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឲ្យនាងខ្ញុំក៏ដូចជាអង្គការសុខភាពពិភពលោកមានសោមនស្សរីករាយ ។
លោកស្រីបានលើកឡើងថា, ប្រជាពលរដ្ឋកម្ពុជាបានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំក្នុងការទៅចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសគឺរាជរដ្ឋាភិបាលបានសហការយ៉ាងល្អជាមួយនឹងស្ថាប័នផ្សេង។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងទៀតថា, ចំពោះមេរោគបំលែងថ្មីប្រភេទដែលតាដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ គឺមិនអាចធ្វើឱ្យប្រជាពលរដ្ឋឆ្លង ប្រសិនបើពួកយើងទាំងអស់គ្នានៅតាមបណ្ដារាជធានីខេត្ត ប្រញាប់ក្នុងការចាក់វ៉ាក់សាំងនេះឲ្យបានលឿនមុន គឺយើងមានកងការពារ មានន័យថា យើងអាចការពារនូវការឆ្លងជំងឺប្រភេទនេះបានដោយប្រសិទ្ធភាព នឹងត្រូវអនុវត្តតាមវិធានសុខាភិបាល កុំឲ្យមានការខ្វះប្រហែសឲ្យសោះ ចំពោះជំងឺដ៏កាចសាហាវមួយនេះ៕