លោកស្រីអភិបាលខេត្តប៉ៃលិន ចុះដោះស្រាយបញ្ហាកង្វះខាតទឹកស្រោចស្រពដំណាំស្រូវ របស់ប្រជាពលរដ្ឋ ចំនួន៥៥០ហិកតា

ចែករំលែក៖

ខេត្តប៉ៃលិន÷ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកស្រីអភិបាលខេត្តប៉ៃលិន និងលោកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញ ចុះអន្តរាគមន៍ បើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូចខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ទុកសម្រាប់បង្ហូរចូលតែស្រែរបស់ខ្លួន ដែលបញ្ហានេះ តែងតែកើតមានឡើងជាច្រើនឆ្នាំ និងមានការឈ្លោះទាស់ទែងពាក្យសម្តីគ្នា រហូតមកដល់ពេលនេះ ស្ថិតនៅភូមិភ្នំកុយ(ចំនុចសំបូរ) ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅក្នុងកិច្ចចុះពិនិត្យដីស្រែ និងប្រព័ន្ធប្រឡាយរបស់ប្រជាពលរដ្ឋខ្វះខាតទឹក លោកស្រីអភិបាលខេត្តប៉ៃលិន បានចាត់អោយមន្ត្រីចុះបើកផ្លូវទឹកដែលបានបិទខ្ទប់ដើម្បីបង្ហូរចូលស្រែតែបុគ្គលរៀងខ្លួន ដោយមិនបានគិតដល់ប្រយោជន៍រួម ។

លោកស្រីអភិបាល បានអំពាវនាវដល់កសិករទាំងអស់ ដែលមានដីស្រែនៅជាប់នឹងមាត់ប្រឡាយទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ ទប់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗ ផងដែរ ។

ម្យ៉ាងវិញទៀត បើសិនជាមាន បងប្អូនប្រជាពលរដ្ឋណាម្នាក់នៅតែលួចទប់ទឹកសម្រាប់ស្រែរបស់ខ្លួនតែបុគ្គលម្នាក់ឯង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងនោះឡើយ ។

ជាមួយគ្នានេះដែរ ក្រោយពីមានការសំណូមពរពីប្រជាកសិករ ដែលមានដីស្រែខាងក្រោមៗ ដែលខ្វះប្រព័ន្ធទឹកទៅដល់ លោកស្រីអភិបាល បានចាត់អោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះទៅជីកកកាយប្រឡាយទឹកបន្ថែមទៀត និងបានសំណូមពរដល់អ្នកដែលមានដីស្រែត្រូវចំកន្លែងជីកកាយប្រឡាយ សូមឱ្យមានកិច្ចសហការ និងយោគយល់អាធ្យាស្រ័យ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា ។

ចំណែកប្រជាកសិករ លោកតា លោកយាយ ដែលមានដីស្រែខ្វះខាតទឹក កន្លងមក មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដែលលោកស្រីអភិបាលខេត្ត បានចុះពិនិត្យ និងដោះស្រាយបញ្ហាផ្ទាល់ដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមក ត្រូវដោះស្រាយបញ្ចប់ ដោយគ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ បានឯកភាព បើកបង្ហូរទឹកតាមប្រឡាយដើម្បី ទឹកហូរទៅដល់គ្រប់ទីវាល ស្រោចស្រង់ដំណាំស្រូវរស់ឡើងវិញ ។ដោយ៖ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print