ខេត្តមណ្ឌលគិរី៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, វ៉ាក់សាំងលើកទី៣ ឬហៅថា ដូសជម្រុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាក់ជូនដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដើម្បីបង្កើនប្រសិទ្ឋភាពការពារការចម្លងជំងឺកូវីដ-១៩ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក អភិបាល បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទីមួយ និងទី២ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
លោក អភិបាលខេត្ត ណែនាំដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាលនៅទូទាំងប្រទេស ដើម្បីសុខុមាលភាពរបស់គ្រួសារកងកម្លាំង នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្តល់វ៉ាក់សាំងដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្រាប់ចាក់ជូនកងកម្លាំងនគរបាលទាំងអស់។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បន្តថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំយកសំណាកដល់កងកម្លាំងនគរបាល និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទីបី ដល់កម្លាំងនគរបាល សរុបចំនួន ៩១០នាក់ បានទទួលការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់១០០%៕