កម្លាំងនគរបាលបញ្ជូនជនសង្ស័យចំនួន០២នាក់ ដែលបានគាស់ទម្លុះទម្លាយហាងលក់ខោអាវ ដើម្បីលួចម៉ូតូ និងទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះលក់អីវ៉ាន់របស់ប្រជាពលរដ្ឋមួយកន្លែងក្នុង ក្រុងសិរីសោភ័ណ ដើម្បីលួចម៉ូតូនិងទ្រព្យសម្បត្តិផ្សេងៗ។

លោក ព្រហ្ម ប៊ុនធឿន បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ កាលពីវេលាម៉ោង ១៩:៤០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

រួមមានៈ

១/-ឈ្មោះ ប៊ុន ប៊ូពីដា ភេទប្រុស ៣២ឆ្នាំ ជាអ្នកធ្វើសកម្មភាព

២/-ឈ្មោះ មុំរក្សា ភេទប្រុស ៣២ឆ្នាំ ជាម្ចាស់ម៉ូតូ។

លោកបន្តថា ជនសង្ស័យទាំងពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីលួច គាស់ទម្លុះទម្លាយ ស្ថិតនៅចំណុចហាងលក់ខោអាវ មួយកន្លែងយីហោឡេឌីហ្វឺស ដែលស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងរួមមានៈម៉ូតូ ហុងដាឌ្រីម ០១គ្រឿង ពណ៌-ខ្មៅ សេរី២០១១ ស្លាកលេខ ប/ជ 1E 5664 និងកាសស្តាប់ត្រចៀក០១ និង បាសJBL ចំនួន០១ រួចបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ៕ ដោយ: វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print