ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ប្រើល្បិចធ្វើជាខ្ចីម៉ូតូគេជិះ ដោយនិយាយថា ទៅទិញបន្លែមួយភ្លែត តែបែរជាយកម៉ូតូគេនោះទៅដោះដូរជាថ្នាំញៀនទៅវិញ បានប្រមាណជាង១០ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ចំណុចភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន ចន្ថា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ ចំណែកជនសង្ស័យឈ្មោះ ធី កក្កដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិ ឃុំ កើតហេតុ។ ដោយឡែកសម្ភារបាត់បង់៖ ម៉ូតូចំនួន០១គ្រឿងម៉ាក SUZAKI SMASH ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1BD-6435។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូម៉ាក SUZAKI SMASH ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-6435 ពីឈ្មោះ រ៉ុន រ័ត្នពិសី ភេទប្រុស ត្រូវជាកូនជនរងគ្រោះ ថាជិះទៅទិញបន្លែមួយភ្លែត។ បន្ទាប់ពីខ្ចីបានហើយ ជនសង្ស័យក៏ជិះទៅបាត់តែម្ដង ពុំយកម៉ូតូនោះប្រគល់ឲ្យម្ចាស់វិញទេ លុះមកដល់ថ្ងៃទី២២ ខែសីហា.ឆ្នាំ២០២១ ជនរងគ្រោះបានឃើញជនសង្ស័យ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ខណៈបានម៉ូតូរួច ក៏ជិះយកទៅដូរថ្នាំញៀនពីជនម្នាក់ ស្មើនឹងតម្លៃ៤០ម៉ឺនរៀលរួចយកទៅជក់ជាមួយមិត្តភក្តិតែម្ដង ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ