ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ត្រូវបានម្ចាស់ទូរស័ព្ទ និងពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវដេញតាមឡោមព័ទ្ធ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីយុវជនរូបនេះសង្ស័យថាបានប្រើល្បិចខ្ចីទូរស័ព្ទម៉ាកអាយហ្វូនហ្វាយដើម្បីទូរស័ព្ទហៅមិត្តភក្តិមករៀនកួរ រួចសសៀរៗលួចឡើងជិះម៉ូតូគេចខ្លួនក្នុងបំណងយកទៅលក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅកន្លែងរៀនកួរមួយកន្លែងខាងក្រោយវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវម្ចាស់ទូរស័ព្ទតាមរកឃើញនៅចំណុចផ្លូវលេខ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ហើយស្រែកថាចោរៗ ធ្វើឲ្យពលរដ្ឋអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើល និងនាំគ្នាជួយឡោមព័ទ្ធចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិវាលវង់ដើម្បីសាកសួរ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះ សុខ ម៉ានីត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕ ស រស្មី
ប្រើល្បិចខ្ចីអាយហ្វូនហ្វាយ(Iphone5)ទូរស័ព្ទហៅមិត្តភក្តិ រួចឡើងជិះម៉ូតូគេចខ្លួនក្នុងបំណងយកទៅលក់ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
...