ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១៥៣គ្រួសារ រស់នៅក្នុងស្រុកកំពង់ត្រាច បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត។

ចែករំលែក៖

ខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១ នេះលោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរ ដោយលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១៥៣គ្រួសារ មកពីឃុំចំនួន១៣ ក្នុងស្រុកកំពង់ត្រាច ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តអង្គជុំព្រៃទប់ក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធី
កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម ៖ ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ )។

អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print