ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន៥ខ្នង ស្មេីនឹង១៣គ្រួសារ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មូលហេតុបណ្តាលមកពីដុតខ្សែភ្លេីងយកស្ពាន់ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
មានប្រសាសន៍នាខណៈនោះ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។ លោកនាយកប្រតិបត្តិសាខា ក៏សូមឲ្យបងប្អូនរងគ្រោះទាំងអស់មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូក្រាម តង់១ ទឹកបរិសុទ្ធ៣កេស គ្រឿងឧបភោគបរិភោគសម្ភារៈប្រេីប្រាស់ចំនួន២២មុខ និងថវិកាចំនួន៥មុឺនរៀល ៕
ដោយ, សិលា