ទីបំផុត​! មន្ត្រីអាវុធហត្ថមួយរូប​ ដែល​បង្កគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ​ ហើយរត់គេចខ្លួនថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាន,​ពេលនេះ​ថ្នាក់​លើ​ធ្វើ​ការអប់រំណែនាំ​ និងកិច្ចសន្យាទទួលកំហុស

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផេកផ្លូវការ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៥​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖​ មួយ​រយៈពេលកន្លងទៅនេះ មានបណ្ដាញព័ត៌មានសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយ អំពីមន្ត្រីអាវុធហត្ថមួយ​រូប មានឋានន្តរសក្តិអនុសេនីយ៍ឯក បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាន។

យោងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោយពីទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកបានឱ្យជំនាញហៅលោកអនុសេនីយ៍ឯក ផឹង កុសល អត្តលេខ០៥៨៤៧៧ មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ មកសាកសួរបំភ្លឺអំពីករណីគ្រោះថ្នាក់ចរាចរណ៍ និងការជេរប្រមាថ។

ជាក់ស្ដែង​តាមការបំភ្លឺរបស់លោកអនុសេនីយ៍ឯក ផឹង កុសល ថា នៅវេលាម៉ោង២៣​ និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ប៉ុន្តែពុំមានបុគ្គលណាម្នាក់រងរបួសនោះទេ ភាគីទាំង២ បានសុំទោសគ្នាទៅវិញទៅមករួចហើយ ក៏បានចាកចេញពីកន្លែងកើតហេតុរៀងៗខ្លួន។ លោកអនុសេនីយ៍ឯក ផឹង កុសល បានបន្តដំណើរស្រាប់តែមានរថយន្ត១គ្រឿងដែលជាក្រុមសារព័ត៌មានមកឈប់ពីមុខរថយន្តរបស់គាត់ ហើយក៏ប្រកែកគ្នា អំពីករណីគ្រោះថ្នាក់ចរាចរណ៍នោះ ឈានដល់ការប្រើពាក្យសម្តីមិនសមរម្យ។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ថា​ ខ្ញុំបាទ​សូមគោរពជម្រាបអ្នកសារព័ត៌មានសាធារណជន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តីបន្ទោសតាមទណ្ឌកម្មផ្នែកវិន័យចំពោះឈ្មោះ ផឹង កុសល ឋានន្តរសក្តិអនុសេនីយ៍ឯកអត្តលេខ០៥៨៤៧៧ មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត(គ២០) កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងបានអប់រំណែនាំដោយធ្វើកិច្ចសន្យាទទួលកំហុសអំពីសីលធម៌ ក្នុងនាមជានាយទាហាននៃកងរាជអាវុធហត្ថ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បម្រើប្រជាជន ការពារ និងសង្គ្រោះប្រជាពលរដ្ឋ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន។

អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូមជ្រាបជាព័ត៌មាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print