ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចតេជោ ហ៊ុនសែន បានខិតខំគ្រប់កាលៈទេសៈ ពិសេសរកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនបងប្អូនជនរួមជាតិ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្ទើរបានច្រើនជាងគេបើប្រៀបធៀបនៅនឹងប្រទេសក្នុងសកលលោក ពិសេសបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងយ៉ាងគំហុគតែម្ដង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, គិតរហូតមក ដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ចំនួន ប្រមាណ ៨៨% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី ១២ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ ចំនួនប្រមាណ ៥៦% ធៀបនឹងគោលដៅចំនួនប្រមាណជិត ២ លាននាក់ បានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩។ ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយសារមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នេះ ត្រូវ បានរំពឹងថានឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ មុនផែនការដែលបាន គ្រោងទុក។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងថា, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវរៀបចំយន្តការពិគ្រោះយោបល់និងសម្របសម្រួលជាមួយយន្តការពាក់ព័ន្ធ និងរោងចក្រ-សហគ្រាស ម្ចាស់អាជីវកម្ម និងគ្រឹះស្ថានសុខាភិបាល ឯកជន ដើម្បីឱ្យរោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្ម រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំង កូវីដ-១៩ ជូនដល់កម្មករ និយោជិត និងបុគ្គលិករបស់ខ្លួន សំដៅបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញ និងជួយរំលែកបន្ទុកចំណាយរបស់រដ្ឋ៕
ដោយ, សុខ ខេមរា