រកឃើញ៣គូឡើងវគ្គចែកពូល Champions League ក្រោយពីឈ្នះគូប្រកួតក្នុងវគ្គជម្រុះ Play-offs

ចែករំលែក៖

ការប្រកួតជម្រុះក្នុងវគ្គ Play-offs នៃពានរង្វាន់ Champions League រដូវកាលថ្មី 2021-2022 បានបញ្ចប់បណ្តើរៗហើយ ក្នុងនោះរកឃើញ៣ក្រុមឡើងទៅកាន់វគ្គចែកពូលក្រោយពីប្រកួតឈ្នះទាំង២ជើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ សីហានេះ។

 

ក្រុមខ្លាំងមកពីព័រទុយហ្គាល់ Benfica បានយកឈ្នះក្រុមខ្លាំងមកពីហុល្លង់ PSV សរុបទាំង២ជើង​លទ្ធផល២ទល់១។ កាលពីប្រកួតជើងទី១ ក្នុងទឹកដី Benfica បានយកឈ្នះ PSV ២ទល់១ កាលពីថ្ងៃទី១៩ ខែសីហា។ ចំណែកការប្រកួតក្នុងជើងទី២នេះ លទ្ធផល០ទល់០ ក្នុងទឹកដី PSV ដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ ដូចនេះក្រុមមកពីព័រទុយហ្គាល់ Benfica កក់កៅអីទៅកាន់វគ្គចែកពូលកម្មវិធី Champions League រដូវកាលនេះបន្តទៀត។

 

ចំណែកក្រុម Malmo បានឈ្នះក្រុម Ludogorets សរុបទាំង២ជើងក្នុងលទ្ធផល៣ទល់២។ ការប្រកួតជើងទី១រវាងគូទាំងនេះកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅ ក្រុម Malmo បានយកឈ្នះក្នុងលទ្ធផល២ទល់០ ក្នុងទឹកដីខ្លួនឯង ហើយមកដល់ការប្រកួតជើងទី២ ក្នុងទឹកដី Ludogorets វិញលទ្ធផល Ludogorets ឈ្នះ២ទល់១ ប៉ុន្តែនៅតែមិនអាចឡើងទៅបាន ដោយសារក្រុម Malmo មានគ្រាប់បាល់ចំណេញច្រើនជាងគឺ៣ទល់២។ ហេតុនេះក្រុម Malmo ដែលជាក្រុមខ្លាំងមកពីស៊ុយអែតបានយកឈ្នះក្រុមមកពីប៊ុលហ្គារី Ludogoretsកក់កៅអីទៅកាន់វគ្គចែកពូល Champions League រដូវកាលថ្មីនេះដែរ។

 

ដោយឡែកក្រុមខ្លាំងមពីលីកកំពូលស្វ៊ីស Young Boys បានយកឈ្នះក្រុមខ្លាំងមកពីហុងគ្រី Ferencvaros ក្នុងលទ្ធផលទាំង២ជើង៦ទល់៤។ ការប្រកួតជើងទី១កាលពីថ្ងៃទី១៩ សីហា ដែល Young Boys ជាម្ចាស់ផ្ទះ បានយកឈ្នះក្រុម Ferencvaros ក្នុងលទ្ធផល៣ទល់២ ហើយសម្រាប់ការប្រកួតជើងទី២ ដែល Ferencvaros ធ្វើជាម្ចាស់ផ្ទះវិញ ក្រុម Young Boys ក៏បានយកឈ្នះដូចគ្នាគឺ៣ទល់២ ធ្វើលទ្ធផលទាំង២ជើង៦ទល់៤។ ជ័យជម្នះនេះធ្វើឲ្យក្រុម Young Boys កក់កៅអីទៅកាន់វគ្គចែកពូល Champions League រដូវកាលថ្មីនេះ។

 

សូមបញ្ជាក់ថា ការប្រកួតសម្រាប់ជម្រុះ Play-offs នៅសល់៣គូទៀតដែលត្រូវប្រកួតនៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ សីហានេះ សម្រាប់ជើងទី២ ដោយក្រុម Shakhtar Donetsk ត្រូវប៉ះក្រុម Monaco , ក្រុម Dinamo Zagreb ប៉ះក្រុម Sheriff និងក្រុម Brøndby ប៉ះក្រុម Salzburg ដើម្បីស្វែងរក៣ក្រុមដែលត្រូវឡើងទៅវគ្គចែកពូលក្របខ័ណ្ឌ Champions League រដូវកាលថ្មីនេះ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print