ភ្នំពេញ ៖ បុរសម្នាក់ប្រហែលជាមានវិបត្តិ អ្វីដោះស្រាយមិនចេញហើយទើបបានសម្រេចចិត្តឡើងលើបង្កោលភ្លើងបំភ្លឺផ្លូវនៅមុខសាលាបឋមសិក្សាទឹកល្អក់ រួចលោតសម្លាប់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនមកដឹកយកទៅសង្គ្រោះ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាបឋមសិក្សាទឹកល្អក់ តាមបណ្ដោយផ្លូវលេខ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា យុវជនដែលគិតខ្លីនេះគេមិនបានស្គាល់ពីអត្តសញ្ញាណនោះទេ គឺគ្រាន់តែឃើញយុវជនរងគ្រោះបានស្ពាយកាបូបពីក្រោយជិះឡំប្រឺតាមកដល់គោលដៅនេះតាំងពីព្រឹកមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋរស់នៅទីនោះសួរនាំដែរ តែគាត់មិនឆ្លើយតបឡើយ គឺគាត់ដើរទៅដើរមកនៅម្ដុំកន្លែងកើតហេតុនេះ ។
សមត្ថកិច្ចបានបន្តទៀតថា លុះមកដល់វេលាម៉ោងកើតហេតុស្រាប់តែយុវជននោះបានឡើងទៅលើបង្គោលភ្លើងបំភ្លឺផ្លូវបម្រុងលោតទម្លាក់ខ្លួនតែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ ហើយរំពេចនោះយុវជនរងគ្រោះបានតោងខ្សែកាប្លិ៍យកមកចង.កនិងរុំខ្លួនតែជនរងគ្រោះក៏ធ្លាក់មកដល់ដីបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុយុវជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនមកដឹកយកទៅសង្គ្រោះ ៕
ដោយ៖ រ៉ារ៉ា