ភ្នំពេញ៖ កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ចុះចាប់និងឃាត់ខ្លួនក្រុមអ្នករត់ឡាំប្រឺតាចំនួន ៩នាក់ដែលប្រមូលផ្ដុំគ្នាផឹកស៊ីល្មើសនឹងវិធានការក្រសួងសុខាភិបាលត្រូវបាន យកទៅអនុវត្តតាមច្បាប់កូវីដ-១៩។
បេីតាមការបញ្ជាក់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមអ្នករត់ឡាំប្រឺតានាំគ្នាប្រមូលដុំមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរជាពិសេសមិនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល។ ភ្លាមនោះ លោកក៏បានចាត់កម្លាំងប្រជាការពារខណ្ឌ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ខ្លួនជាក់ស្ដែងបានមនុស្សចំនួន៩នាក់ រួមទាំងឡាំប្រឺតាចំនួន ៩គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីអនុវត្តនីតិវិធីនៃច្បាប់កូវីដ-១៩។
ដោយឡែកនៅថ្ងៃដដែលនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការចរាចរណ៍ ចាប់ពីម៉ោង០៧ និង០០នាទី ដល់ម៉ោង២២ និង០០នាទីយប់ កម្លាំងជំនាញបានឃាត់ម៉ូតូ និងរថយន្តបើកបញ្រ្ចាសទិសដៅចរាចរណ៍ផងដរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាក់ស្ដែងជាលទ្ធផល៖ ឃាត់បានចំនួនសរុប ០៨គ្រឿង ក្នុងនោះមាន៖ ម៉ូតូចំនួន ០៣ គ្រឿង, ម៉តូកង់បីចំនួន គ្មាន គ្រឿង ,កង់ចំនួន ០៤ គ្រឿង ,រថយន្តចំនួន ០១ គ្រឿង ។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
ដោយ៖ស តារា