ខេត្តបាត់ដំបង÷-មុខសញ្ញាគាស់ដំបូលចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោលបង្រ្កាបបានភ្លាមៗ ខណ:កំពុងធ្វើសកម្មភាព។
ការឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យប្រជាពលរដ្ឋនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ខែ សីហា ឆ្នាំ២០២១ នៅចំណុចក្រុមទី១២ ភូមិក្បាលខ្មោចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយជនសង្ស័យធ្វើសកម្មភាពបានកន្លះម៉ោង។
លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោល ដែលបានដឹកនាំកម្លាំងបង្រ្កាបករណីនេះបានឲ្យដឹងថា ក្រោយទទួលព័ត៌មានក្នុងករណីនេះភ្លាមកម្លាំងរបស់លោកបានចេញទៅធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនជនសង័្សយម្នាក់គឺឈ្មោះ សូ សំណាង ភេទប្រុសអាយុ៣៥ ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររើសអេតចាយ។ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចបាត់។ជាមួយនេះសមត្ថកិច្ចដកហូតបាន ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង កង់រទេះគោចំនួន០២ រទេះអូសចំនួន០១
និងពូថៅដងឈើចំនួន០១។ រីឯជនរងគ្រោះឈ្មោះ អ៉ិន ផាន់ណា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបិទទ្វារផ្ទះចោល។
លោកអធិការបន្តថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័ុយបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ឯទ្រព្យសម្ភារៈរបស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនគាត់វិញ៕