ភ្នំពេញ៖ ស្ត្រីជាអាជីវករលក់សាច់មាន់ម្នាក់បានតព្រីភ្លេីងដាក់ក្នុងតូបសម្រាប់ប្រេីប្រាស់ តែខណៈដោតសាកថ្មទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរនោះដោយសារខ្សែភ្លេីងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូបក៏ឆក់បណ្តាលឱ្យគាត់ធ្លាក់ពីលេីតូបមកដីរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះម៉ាន់ ធីដា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅជិតកន្លែងកេីតហេតុ មានស្រុកកំណេីតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតជនរងគ្រោះអង្គុយលក់ដូចសព្វមួយដងនៅទីតាំងខាងលើ។ លុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទាញព្រីភ្លើងមកដាក់ក្បែរខ្លួនដេីម្បីសាកថ្មទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរ តែដោយសារខ្សែភ្លេីងដាច់រលាត់ក៏ប៉ះជាមួយបង្គោលរោងដែក ទេីបឆក់ធ្លាក់ពីលេីតូបរងរបួសធ្ងន់។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ទេីបដឹកសពមកទីតាំងកន្លែងកេីតហេតុវិញនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ