សហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយអ្នក។ មន្ត្រីជាន់ខ្ពស់ឥណ្ឌានិងអាមេរិកបានធ្វើការថ្កោលទោសពីសកម្មភាពវាយប្រហារសម្លាប់មនុស្សស្លូតត្រង់ ។ ជនដៃដល់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងហោចណាស់ក៏មានមនុស្ស៦៥នាក់ស្លាប់និងជាង២៥០នាក់រងរបួសនៅក្នុងហេតុការផ្ទះគ្រាប់បែកអត្តឃាតនៅរម្មណីយដ្ឋានGulshan Iqbal ភាគខាងកើតទីក្រុង Lahore ស្ថិតនៅក្នុងខេត្តPunjab ជាស្រុកកំណើតរបស់នាយករដ្ឋមន្ត្រីNawaz Sharif ។ភាគច្រើនអ្នកស្លាប់ជាស្ត្រីនិងកុមារ។
ខេត្តPunjab ជាទីកន្លែងប្រជុំអ្នកមានបំផុតនៅក្នុងប្រទេសដែលមានពលរដ្ឋ១៩០លាននាក់ កំពុងប្រឈមនិងការវាយប្រហាររបស់ក្រុមតាលីបង់។ ក្រុមTahreek-i-taliban ស្ថិតនៅក្នុងប្រទេសប៉ាគិស្ថានប្រកាសទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះដេកពាសពេញតំបន់វាយប្រហារ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ សាក្សីផ្សេងទៀតបានបញ្ជាក់ថា នៅរម្មណីយដ្ឋានក្នុងពេលរងការវាយប្រហារគឺមានមនុស្សកុះករខុសពីធម្មតា ដោយសារតែថ្ងៃបុណ្យយេស៊ូ។
ក្រោយការវាយប្រហារគ្រាប់បែក នាយករដ្ឋមន្ត្រីឥណ្ឌាលោកNarendra modi បានទូរស័ព្ទទៅកាន់មេដឹកនាំប៉ាគីស្ថានរំលែកទុក្ខនៅក្នុងហេតុការសោកនាដកម្មនោះ។ នៅក្នុងជំនួបពិភាក្សានាយករដ្ឋមនត្ត្រីឥណ្ឌាបញ្ជាក់ថា ចាំបាច់ត្រូវតែខិតខំជាងនេះនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម។
ក្នុងថ្ងៃជាមួយគ្នានោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោកNed Price បានឲ្យដឹងថា អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារនោះ។ ទន្ទឹមនិងនោះអាមេរិកនឹងសហការជាមួយប៉ាគីស្ថានដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។