នៅថ្ងៃទី២៦ខែសីហា ការធ្វើសមយុទ្ធរបស់ទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក-កូរ៉េខាងត្បូង បានបញ្ចប់ដោយជោគជ័យ។ ទាហានកូរ៉េខាងត្បូងបានប្រកាសថា ការធ្វើសមយុទ្ធទៅតាមយុទ្ធសាស្ត្រដែលបានគ្រោងទុកគឺ ការពារ និងវាយបកទៅលើទីតាំងរបស់សត្រូវ។ ដោយសារតែការធ្វើសមយុទ្ធក្នុងសម័យកូវីដ-១៩ ទើបទាហានប្រទេសទាំងពីរបានបែងចែកទីតាំងជាច្រើនសម្រាប់ធ្វើសមយុទ្ធ ហើយបានកាត់បន្ថយទាំងចំនួនទ័ពនិងសម្ភារ ដោយសារតែអាមេរិកមិនបានបញ្ជូនទាហានបន្ថែមពីបរទេសមកចូលរួម។ តាមបណ្តាញព័ត៌មាន KBS បានផ្សាយថា គោលដៅរបស់កូរ៉េខាងត្បូង គឺធ្វើសមយុទ្ធដើម្បីត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាម របស់ទីបញ្ជាការកម្លាំងទាហានសម្ពន្ធមិត្ត តាមរយៈការធ្វើសមយុទ្ធលើកនេះ។ ទីបញ្ជាការទាហានសម្ពន្ធមិត្តនាពេលអនាគត អគ្គមេបញ្ជាការគឺជាជនជាតិកូរ៉េខាងត្បូង ហើយមេបញ្ជាការរងគឺជាជនជាតិអាមេរិក នឹងទទួលបន្ទុកគ្រប់គ្រង ត្រៀមលក្ខណៈធ្វើសង្គ្រាម ។ទីក្រុងវ៉ាស៊ីនតោនបានផ្តល់សិទ្ធិដល់ទាហានកូរ៉េខាងត្បូងជាអ្នកដឹកនាំពេលមានសង្គ្រាម។ ប្រទេសទាំងពីរក៏បានត្រួតពិនិត្យសមត្ថភាពតាមរយៈការធ្វើសមយុទ្ធនោះផងដែរ។ រាល់ការធ្វើសមយុទ្ធ ភាគីអាមេរិក និងកូរ៉េខាងត្បូង បានប្រកាសថា មិនមានគោលដៅសំដៅទៅលើប្រទេសកូរ៉េខាងជើងនោះឡើយ ដោយការធ្វើសមយុទ្ធមានយុទ្ធសាស្ត្រការពារតែប៉ុណ្ណោះ។ ប៉ុន្តែរាល់ការធ្វើសមយុទ្ធនោះ ទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង ដែលជាដើមហេតុបង្កឲ្យមានភាពតានតឹងរវាងកូរ៉េទាំងពីរ ៕ដោយ៖ធីរីណា
រូបថត៖FT.
រូបថត៖KBS News.