អ្នកបង្កើតក្រុមហ៊ុន Blackwater លោក Erik Prince បានរកឃើញប្រភពចំណូលយ៉ាងច្រើនពីការលក់សំបុត្រយន្តហោះក្នុងតម្លៃដល់ទៅ ៦៥០០ដុល្លារអាមេរិកក្នុងមួយកៅអីសម្រាប់ជនជាតិអាមេរិកដែលចង់ចាកចេញពីអាហ្វហ្គានីស្ថាន ។ សារព័ត៌មាន RT កាលពីថ្ងៃទី ២៥ខែសីហា បានផ្សាយថា កម្លាំងសន្តិសុខរបស់រដ្ឋ និងឯកជនបានព្យាយាមដឹកជញ្ជូនពលរដ្ឋអាមេរិក ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលក្រុមតាលីបង់បានកំណត់ពេលវេលាចុងក្រោយនៅថ្ងៃទី៣១ខែសីហា។ លោក Erik Prince ប្រធានក្រុមហ៊ុន Blackwater បានប្រាប់សារព័ត៌មាន The Wall Street Journalថា ខ្លួនកំពុងតែប្រកាសលក់សំបុត្រយន្តហោះដែលហោះហើរចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ក្នុងតម្លៃមួយសំបុត្រ ៦៥០០ដុល្លារ ។ យន្តហោះដែលលោក Erik Prince ជួលក៏ជាយន្តហោះរបស់ឯកជន ដើម្បីចូលរួមជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ។ ទាំងនោះគឺជាឱកាសចុងក្រោយសម្រាប់ពលរដ្ឋអាមេរិកដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន មុនថ្ងៃទី៣១ខែសីហា ដែលជាពេលវេលាចុងក្រោយបង្អស់ដែលប្រធានាធិបតីបៃឌិនប្រកាសដកទាហានចេញពីអាហ្វហ្គានីស្ថាន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ជើងហោះហើរដឹកជនភៀសខ្លួនរបស់ប្រទេសលោកខាងលិចមួយចំនួននឹងត្រូវផ្អាកដឹកជញ្ជូននៅថ្ងៃទី២៧ខែសីហា ដោយសារតែកម្លាំងទាហានអាមេរិកត្រូវងាកទៅ ដឹកជញ្ជូនទាហាន និងសម្ភារយោធា អាមេរិកចេញពីរដ្ឋធានីកាប៊ុល។ ទាំងនោះហើយជួយឲ្យក្រុមហ៊ុនរបស់លោក Erik Prince រកបានប្រាក់ចំណូលជាច្រើនពីការលក់សំបុត្រយន្តហោះសម្រាប់ពលរដ្ឋដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ៕ដោយ៖ធីរីណា
រូបថត៖Reuters.