ភ្នំពេញ÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះលោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ បានជំរុញដល់កងកម្លាំង ត្រូវខិតខំប្រឹងប្រែងកសាងអង្គភាពឲ្យរឹងមាំលើគ្រប់វិស័យ ។
ដោយអនុវត្តតាមផែនការ របស់មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ ដើម្បីរក្សាបាននូវ វឌ្ឍនភាពអង្គភាពប្រកបដោយចីរភាព លោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន បានដឹកនាំកម្លាំងធ្វើការកសាងអង្គភាព ដោយបានយកចិត្តទុកដាក់លើការសាងសង់ ដោយធានាឲ្យបានទាំងគុណភាព និងសោភ័ណភាពសំណង់ ធ្វើយ៉ាងណាឲ្យអាគារ ដែលបានសាងសង់មានភាពរឹងមាំ ស្របទៅបទដ្ឋានបច្ចេកទេស ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន ក៏បានកោតសរសើរដល់កងកម្លាំងក្នុងអង្គភាព ដែលបានខិតខំអនុវត្ត តាមផែនការដែលថ្នាក់លើដាក់ចុះ ប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងនោះអង្គភាពក៏បានយកចិត្តទុកដាក់លើការងារបង្កបង្កើនផល និងចញ្ចឹមសត្វដើម្បីផ្គត់ ផ្គង់ជីវភាពរស់នៅដល់កងទ័ពបន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ធានាបានការហូបគ្រប់គ្រាន់ និងមានសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការរង បានដាស់តឿនដល់កងកម្លាំង ក្នុងបញ្ជាការដ្ឋានរថក្រោះឲ្យចូលរួមបន្តអនុវត្តនូវ វិធាន ការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាឲ្យបាន កុំឲ្យមានជំងឺកូវីដ-១៩ ឆ្លងរីករាលដាលចូលអង្គភាព និង ក្រុមគ្រួសារកងទ័ព ៕ ដោយ៖ ស៊ុនហេង