អាមេរិក​៖​ ការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិនគឺនាំមុខអូស្ត្រាលី,​ ខណៈការនាំចេញសាច់គោរបស់អូស្ត្រាលីថយចុះ

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមទិន្នន័យនាំចូលរបស់គយប្រទេសចិន​ បានបញ្ជាក់ថា​ សហរដ្ឋអាមេរិក​ បាននាំមុខអូស្ត្រាលីក្នុងការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិន​ ខណៈ​ការនាំចេញសាច់គោរបស់អូស្ត្រាលីធ្លាក់ចុះ បន្ទាប់ពីមានភាពតានតឹងផ្នែក នយោបាយ និងពាណិជ្ជកម្មជាមួយចិន។ ជាក់ស្ដែង​ចំពោះរឿងនេះដែរ អាមេរិក ត្រូវបានគេមើលឃើញថា កំពុងកេងយកប្រយោជន៍ពីជម្លោះផ្នែកពាណិជ្ជកម្មចិន និងអូស្ត្រាលីជាជាងការសហការជាមួយសម្ព័ន្ធមិត្ត ខណៈដែល​កន្លងមកខ្លួនប្រកាសក្ដែងៗថា ឈរនៅខាងអូស្ត្រាលីនោះ។

បើតាមការផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ​ បានចុះផ្សាយថា​ អូស្ត្រាលី ជាប្រទេសនាំចេញសាច់គោបង្កកធំជាងគេទៅទីផ្សារចិនមុនពេលមានបញ្ហាផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប៉ុន្តែចាប់តាំងពីការមើលមុខគ្នាជាង១ឆ្នាំកន្លះមកនេះ និងគិតពីមេសាមក ការនាំចេញរបស់អូស្ត្រាលីធ្លាក់ចុះ ស្របការចូលរបស់អាម៉េរិកកើនឡើងជាបន្តបន្ទាប់។

ដោយ​ឡែក​យោងតាមរបាយការណ៍រដ្ឋបាលគយចិន ក៏បានបញ្ជាក់បន្ថែមថា​ ក្នុងខែមេសា អាមេរិកបាននាំចេញសាច់គោបង្កកតិចជាង ៦៨លានដុល្លារទៅចិន ហើយអូស្រ្តាលីនាំចេញប្រហែល៨០លានដុល្លារ។ ចំណែក​នៅខែឧសភាវិញ ការនាំចេញសាច់គោរបស់អាមេរិក​ បានកើនដល់ចំនួនទឹកប្រាក់៩០លានដុល្លារ រឺឯការនាំចេញរបស់អូស្ត្រាលីធ្លាក់ ចុះមកត្រឹម៤៧លានដុល្លារ។ ការនាំចេញអាមេរិក បានបន្តកើនឡើងដល់ខែកក្កដា ដោយមានទំហំ ១០៧លានដុល្លារ ហើយការនាំចេញរបស់អូស្រ្តាលីវិញធ្លាក់មកត្រឹម៣៥លានដុល្លារតែប៉ុណ្ណោះ ។

សូម​ជម្រាប​ផងដែរថា​ ក្នុងប៉ុន្មានឆ្នាំមកនេះទំនាក់ទំនងចិន​ និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺន។ ខណៈ​នៅក្នុងឆ្នាំ២០១៨ អូស្ត្រាលីបានហាមមិនឱ្យក្រុមហ៊ុន Huawei ចូលរួមក្នុងការសាងសង់បណ្តាញអ៊ីនធឺណិត 5G ហើយក្នុងឆ្នាំ២០២០ អូស្ត្រាលីបានទទូចឱ្យមានការស្រាវជ្រាវប្រភពដើមនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ ដោយ​ឡែក​ជាការឆ្លើយតបទៅវិញភ្លាមៗ រដ្ឋាភិបាល​ចិន​ បានយកពន្ធលើទំនិញអូស្ត្រាលីរួមមានស្រា និងដាក់ បម្រាមការនាំចូលសាច់គោ ធ្យូងថ្ម និងផ្លែទំពាំងបាយជូរអូស្ត្រាលី។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហាខាងលើនេះដែរ សហរដ្ឋ​អាមេរិក ហាក់យកចិត្តទុកដាក់លើទំនិញរបស់ខ្លួនជាជាងការទំនាក់ទំនងជាងមួយអូស្ត្រាលី។ រីឯ​អ្នកសង្កេតការណ៍ទំនាក់ទំនងចិន-អូស្រ្តាលី​ ក៏បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ផ្តល់អាទិភាពដល់ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ជាជាងរក្សាការសហការជាមួយសម្ព័ន្ធមិត្តដូចជា អូស្ដ្រាលី។ ជាក់ស្ដែង​កាលពីខែឧសភា ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន អះអាងចំពោះមុខរដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី ម៉ារីស ផេន ថា៖ អាមេរិក នឹងមិនទុកឱ្យអូស្ត្រាលីប្រឈមមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ច របស់ទីក្រុងប៉េកាំងម្នាក់ឯងនោះទេ៕ដោយ​៖ស​ តារា​

...

រូបថត​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print