ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ១៧នាក់ ស្រី១០នាក់,
រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១១នាក់ស្រី៤នាក់ និងមានអ្នកស្លាប់២នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ខែសីហាឆ្នាំ២០២១។
ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសពដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃទី២៥និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមាន៥.៤៩៦នាក់ ស្រី៣.០០៥នាក់, ជាសះស្បើយចំនួន៥.១៧៩នាក់ស្រី២.៨៥៨នាក់, អ្នកសម្រាកព្យាបាល
សរុប១៧៩នាក់ស្រី៦២នាក់ និងករណីស្លាប់ចំនួន១៣១នាក់ស្រី៨៤នាក់។
រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕ យឹម សុថាន