ខេត្តសៀមរាប, នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង តំណាង អយ្យការអមសាលាដំបូងខេត្ត , អគ្គនាយកគ្រឹះស្ថានអង្គរ , អាជ្ញាធរមូលដ្ឋាន និងសមាគមកាណូត ទ្រទ្រង់ជីវភាពកំពង់ផែ ស៊ូ ជីង បានចុះពិនិត្យមើលស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីគ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់ គ្រងវិញនោះ ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និង ហ៊ុំព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ០២អគារ គឺ ១. ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុល គ្រឿងចក្ររបស់ក្រុមហ៊ុន ព្រមទាំងមិនអនុញ្ញាតឲ្យមានការចេញ-ចូលក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុំព័ទ្ឋ ពិសេសសន្តិសុខប្រចាំ ការរបស់ក្រុមហ៊ុនចំនួន ០៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបាន ណែនាំឲ្យធ្វើការចាកចេញពីទីតាំង វិនិយោគ ចាប់ពីថ្ងៃចុះអនុវត្តនេះតទៅ ព្រោះទីតាំងនេះត្រូវបារជកហូត និងគ្រប់គ្រងជា បណ្ដោះអាសន្នដោយរដ្ឋបាលខេត្ត និង គ្រឹះស្ថានអង្គរ ។
នាឱកាសនេះដែរ លោក ទៀ សីហា បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង រដ្ឋបាលក្រុងសៀមរាប និង ក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតនេះ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងលើការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និង ដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ ដំណើរការជាប្រក្រតី ជូន ប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និង សមាគមកាណូតដឹកភ្ញៀវឲ្យដំណើរ ការជា ធម្មតារហូតដល់មានការសម្រេច សារជាថ្មី ពីគណៈកម្មការអន្តរក្រសួង ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារចម្រុះ ត្រូវធ្វើការស្រង់ នូវសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមមានអគារ និង គ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និង គ្រប់គ្រង់ជាណ្ដោះ អាសន្ន ព្រមទាំងបានជម្រុញឲ្យអង្គភាព មន្ទីរជំនាញធ្វើការពិនិត្យ និង រៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និង ប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និង នៅជុំវិញទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា ម្យ៉ាងទៀតចំបញ្ហាបរិស្ថាន រដ្ឋបាលក្រុង និងសង្កាត់ត្រូវយកចិត្តខ្ពស់ក្នុងការរៀបចំ និងទុកដាក់ឱ្យមានសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា ដើមី្បអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹង លេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និង ដកហូតទីតាំង វិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយ នេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕